ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿងជនត្រូវចោទឈ្មោះ វិន សុបញ្ញា ដែលបាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី» ក្រោមបទចោទករណីប៉ុនប៉ងឃាតកម្ម មកធ្វើការជំនុំជម្រះហើយ ។ នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គួររំលឹកថា ជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា ត្រូវជាកូនប្រុសរបស់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានធ្វើសកម្មភាពបាញ់ប្រហារទៅលើនារីម្នាក់ដែលខ្លួនធ្លាប់ស្រឡាញ់ឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ បណ្ដាលឱ្យរងរបួសបាក់ភ្លៅ ព្រោះតែភ្លើងប្រចណ្ឌ រួចរត់គេចខ្លួនបាត់កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្លឹបកម្សាន្តមួយមានយីហោ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ លុះមួយថ្ងៃក្រោយមក គឺនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានក្រុមគ្រួសារនាំទៅសារភាពកំហុសនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងត្រូវលោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនខ្មាន់កាំភ្លើង ដែលបាញ់នារីម្នាក់បាក់ភ្លៅ នៅក្នុងក្លឹបកម្សាន្ត «លុច្សសារី» ដាក់ពន្ធនាគាររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

តែយ៉ាងណា មន្រ្តីនអនុរក្សពន្ធនាគាររាជធានីភ្នំពេញ (PJ) បានបង្ហើបឲ្យដឹងថា ក្នុងកំឡុងពេលតុលាការចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វិន សុបញ្ញា នៅពន្ធនាគារ (PJ)នោះ ជនសង្ស័យរូបនេះ មិនបានដេកគុកយូរទេ គឺរូបគេសុំទៅដេកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្សី ទៅវិញ ៕