ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ ទំនងនឹកឃើញពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត ក៍ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសម្នាក់ តែត្រូវបាននគរបាលឃាត់ខ្លួន និងវ៉ៃខ្នោះភ្លាមៗ កាលពីវេលាម៉ោង០៨ និង៤០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ។

ជនសង្ស័យឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ( កូនកាំបិត ) នៅភោជនីយដ្ឋានមេបុណ្យ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានស្រុកកំណើតនៅភូមិស្គារ ស្រុកឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលនគរធំ សហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភណ្ឌ ចាប់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិអង់គ្លេសបានសម្រេច ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃម៉ាក IPhone 10XR ពណ៌ខ្មៅ ពីភ្ញៀវទេសចរពិតប្រាកដមែន។

ក្រោយសាកសួរ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃម៉ាក IPhone 10XR ពណ៌ខ្មៅនោះ ឲ្យជនរងគ្រោះទៅប្រើប្រាស់វិញ ហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕