ខេត្តពោធិ៍សាត់ ៖ រថយន្តស៊េរីទំនើប១គ្រឿង បានបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាល និងមានឈាមកកក្នុងក្បាលចំនួន៣កន្លែង ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។ រីឯរថយន្តបង្ក និងអ្នកបើកបរត្រូវប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឲ្យមន្ត្រីនគរបាលក្រុងពោធិ៍សាត់ លុះដល់រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែមន្ត្រីនគរបាលអធិការដ្ឋានក្រុងពោធិ៍សាត់ បានដោះលែងជនបង្ក និងរថយន្តបាត់ ដោយមិនទាន់ធ្វើការដោះជាមួយជនរងគ្រោះអ្វីទាំងអស់។
យោងតាម Pheng Vannak News ដែលបានបង្ហោះ កាលពី២ម៉ោងមុន មានខ្លឹមសារថា « នគរបាលក្រុងពោធិ៍សាត់បង្កើតក្ដីឈឺចាប់អោយជនរងគ្រោះ បានដោះលែងជនបង្ក និងរថយន្តបង្កទៅបាត់ ខណៈជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅវៀតណាមនៅឡើយ។

ក្រុមគ្រួសារជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តពោធិ៍សាត់ បានអោយដឹងថា នគរបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដោះលែងជនបង្ក និងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយគ្មានដំណោះស្រាយចំពោះជនរងគ្រោះឡើយ ។
ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងជិត១០ព្រឹក មានគ្រោះថ្នាក់ចរាចរណ៍មួយនៅក្បាលស្ពានថ្មត្រើយខាងលិច ក្រុងពោធិ៍សាត់ រវាងរថយន្ត និងម៉ូតូ ខាងម៉ូតូបណ្ដាលអោយជនរងគ្រោះសន្លប់ និងបែកក្បាលខាងស្តាំ និងជាំភ្នែកខាងស្តាំដែរនៅនឹងកន្លែង ។

បងប្អូនបានបញ្ជូនជនរងគ្រោះទៅពេទ្យដើម្បីសង្គ្រោះ រុំរបួស បន្ទាប់មកបញ្ជូនទៅស្គែនក្បាលមានឈាមកក៣កន្លែង ក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅវៀតណាមសង្គ្រោះបន្តទៀត ។ ចំណែករថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 2AY-2577 ម៉ាកហ្វត ពណ៌ស បានបើករត់ តែដោយបានប្រជាជននិងបងប្អូនរត់ម៉ូតូឌុបបានជួយដេញចាប់បាននៅជាប់ភ្លើងស្តុបបំបែកលាច ហើយនគរបាលបានមកយកទៅដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ ស្រាប់តែនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣រសៀល នគរបាលក្រុងពោធិ៍សាត់ បានដោះលែងជនបង្ក និងរថយន្តទៅបាត់ហើយ ដោយជនរងគ្រោះមិនទាន់បានទទួលសំណងព្យាបាលខ្លួនដែលកំពុងតែសង្គ្រោះនៅប្រទេសវៀតណាមនៅឡើយ។


ពាក់ព័ន្ធនឹងករណីនេះ ខ្ញុំបានទូរស័ព្ទទៅអធិការរងក្រុងពោធិ៍សាត់ ដែលមានលេខ០៩២ ៨៥៥ ៣៨៣ ប៉ុន្ដែម្ចាស់ទូរស័ព្ទឆ្លើយមកវិញថា លោកមិនមែនជាអធិការរងទេ ។ តែគ្រួសារជនរងគ្រោះអះអាងថា លេខទូរស័ព្ទនិងហើយជាលេខរបស់លោកអធិការរងទទួលបន្ទុកចរាចរណ៍ក្រុងពោធិ៍សាត់»។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ « KBN» មិនទាន់ការបកស្រាយបញ្ជាក់ពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕