ភ្នំពេញ៖ នៅថ្ងៃនេះអាចនឹងមានយន្ត៣គ្រឿង មកដឹកអ្នកដំណើររបស់នាវា Westerdam ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសផ្សេងៗដែលជាគោលដៅរបស់ពួកគេ។

នេះបើតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា៖ «ឥឡូវនេះភ្ញៀវកំពុងនៅទីក្រុងភ្នំពេញនេះ ប្រមាណ៥០០នាក់ តាមព័ត៌មានគឺត្រូវដឹកដោយយន្តហោះ៧៧៧មួយគ្រឿង ដែលដាក់មនុស្សបានជាង៣០០នាក់ ចាកចេញពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃ នេះជាព័ត៌មានខាងនាវា ហើយនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីទីក្រុងភ្នំពេញទៅកាន់ជប៉ុន ហើយអាចនឹងមានយន្តហោះមួយគ្រឿងទៀត ដឹកចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសណាមួយក្នុងតំបន់របស់យើងនេះ»។

សូមរំឮកថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដែលផ្ទុកអ្នកដំណើរ និងបុគ្គលិកនាវាសរុប ២,២៥៧នាក់ ជាង៤០ជាតិសាសន៍ បានវិលវល់លើលំហរសមុទ្រ អស់រយៈពេល១២ថ្ងៃ ព្រោះតែប្រទេសជាច្រើនមិនឱ្យចូលចត ដោយសារតែខ្លាចមានផ្ទុកវីរុសកូរ៉ូណាថ្មី។ តែសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ក្រុងព្រះសីហនុ ដើម្បីជួយសង្រ្គោះដល់អ្នកនៅលើនាវា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ៕