ប្រទេសចិន៖ ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហាន បានឆ្លងជំងឺរលាកផ្លូងដង្ហើម COVID-19 ពីអ្នកជំងឺ ហើយបានទទួលមរណភាព នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។

ប្រធានមន្ទីរពេទ្យ Wuhan Wuchang មានឈ្មោះថា Liu Zhiming ស្លាប់

ប្រធានមន្ទីរពេទ្យដែលបានឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺស្លាប់នេះ គឺលោកវេជ្ជបណ្ឌិត Liu Zhiming មានតួនាទីជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ មុនពេលចេញដំណឹងផ្លូវការបញ្ជាក់ពីការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិត Liu Zhiming វាមានការជជែកវែកញែកជាច្រើនលើបណ្ដាញសង្គមចិនពាក់ព័ន្ធលក្ខខណ្ឌសុខភាពរបស់លោក Liu កាលពីថ្ងៃយប់ថ្ងៃចន្ទទី១៧ ខែកុម្ភៈ។


សូមបញ្ជាក់ដែរថា ការស្លាប់របស់លោកវេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យដ៏ធំមួយក្នុងក្រុងវូហាននេះ កើតឡើងមិនដល់២សប្តាហ៍ស្រួលបួលផង ក្រោយពីលោកវេជ្ជបណ្ឌិតចិនម្នាក់ទៀត ឈ្មោះថា Li Wenliang ដែលជាអ្នកព្រមានជំងឺ COVID-19 ហើយសា្លប់ដោយសារឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកើនដល់១ ៨៧៣នាក់ ខ និងអ្នកឆ្លងកើនដល់៧៣ ៤២៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst។

បើតាមបច្ចុប្បន្នភាពនៃទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន បានបញ្ជាក់ថា អ្នកជំងឺជាង១០ ០០០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងប្រមាណជាង១០ ០០០នាក់ផ្សេងទៀត បានសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ៕