រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានសង្កត់ធ្ងន់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយនេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ។

ការថ្លែងរបស់លោកបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ខណៈមានការរិះគន់ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុបទើបតែធ្វើដាក់កម្ពុជានាពេលថ្មីៗមកនោះ លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

បើតាមលោក ហេង សួរ នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារទៅនឹងនយោបាយនោះឡើយ។

លោករដ្ឋលេខាធិការបានបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា»។

លោកបានអះអាងថា កម្ពុជាបានត្រៀមនូវអ្វីដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជាដោយសារតែ ការសម្រេចចិត្ត ដោយអយុត្តិធម៌។ ទោះបីជាមាន ឬគ្មានEBA រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពនូវសេរីភាពរបស់កម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ៕