រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ប្រកាសថា នឹងបង្កើតក្រុមការងារពិសេស ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ លើម្ចាស់គណនីហ្វេសប៊ុក ឬ គេហទំព័រទាំងឡាយណា ដែលបានបញ្ចេញវីដេអូអាសអាភាស ឬ បង្ហោះលក់ទំនិញតាមអនឡាញ ណាដែលនៅតែហ៊ានបញ្ចេញសាច់ និង កន្លែងកេរ្តិ៍ខ្មាសមួយចំនួនដើម្បី យកមកចាត់វិធានការតាមច្បាប់ ។

យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានឲ្យដឹងថា ដោយយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ភារកិច្ចនេះមកឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ បានបញ្ជាមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើការស្រាវជ្រាវលើបញ្ហានេះ ។

កន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានហៅមកបំភ្លឺ និងធ្វើការណែនាំប្រជាពលរដ្ឋជាច្រើនមកហើយទាក់ទងនឹងបញ្ហានេះ ផងដែរ ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់កិត្តិយស និង សីលធម៌របស់ស្ត្រីខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាអនុប្រធានកិត្តិយសរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និង ចាត់វិធានការបន្ទាន់ទៅលើវីដេអូ អាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយ និង ចែកចាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា ៕