រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​ក្រុម​វេជ្ជបណ្ឌិត​ចិន​បាន​ប្រកាស​រក​ឃើញ​ឱសថ​ព្យាបាល​មេរោគ COVID-19 ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការ​សិក្សា ឆ្នាំ​២០១៨-២០១៩ សរុប​១,៩៧៧​នាក់ នារី​៨១៥​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ ។​

​សម្តេច​បាន​បន្ថែម​ថា កាលពី​ម្សិលមិញ​រដ្ឋាភិបាល​ចិន បាន​ប្រកាស​រក​ឃើញ​ឱសថ​ព្យាបាល​ជំងឺ​នេះ​បាន ដោយ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ ។ ដូច្នេះ ប្រសិនបើ​ព័ត៌មាន​នេះ​ពិត ហើយ​អាច​ព្យាបាល​ជំងឺ​នេះ​ជា មែន​នេះ សភាពការណ៍​នឹង​អាច​រំលត់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ។​

សូមជម្រាបថា បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ ចេញផ្សាយ​ថ្ងៃ​ទី​១៧ កុម្ភៈ ២០២០នេះ អោយដឹងថា ក្រុមគ្រូពេទ្យចិន​ប្រកាស​ថា(​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​) មាន​ប្រសិទ្ធភាព​សម្លាប់​វីរុស​កូ​រ៉ូ​ណា​បាន

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពីព្រឹកថ្ងៃចន្ទនេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ថា​ឱសថ ក្លូ​រ៉ូ​គី​ន ផូស្វាត (Chloroquine Phosphate) នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​វេជ្ជសាស្ត្រ ក្នុង​ការ​ព្យាបាល អ្នកឆ្លងវីរុស​កូ​វី​ដ​១៩ COVID-19 ហើយ​ការ​ព្យាបាល​​តាម​វី​ធី​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ៕