រាជធានីភ្នំពេញ ៖ បុរសចំណាស់អាយុជិត៨០ឆ្នាំម្នាក់ ខណៈពេលកំពុងធាក់ស៊ីក្លូដឹកស្រី្តម្នាក់ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ស្រាប់តែមានរថយន្ត១គ្រឿងបើកមកបុកពីក្រោយពេញទំហឹង ហើយអូសទាំងស៊ីក្លូ ទាំងបើកអូសទាំងមនុស្សរាប់សិបម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងមួយរំពេច។

https://1.bp.blogspot.com/-tc9Lzm_U7r0/XktbSfWVySI/AAAAAAAANR4/qdH8FKKa2nI8FTI-yjTdZUIc8L6nw2dZQCLcBGAsYHQ/s1600/q.JPGហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

បុរសរងគ្រោះដែលរថយន្តបុកស្លាប់នេះ មានឈ្មោះកង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្ត្រីដែលជិះស៊ីក្លូរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានហៅស៊ីក្លូបុរសរងគ្រោះជិះ ។ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះ បានលើកដៃខាងឆ្វេង ឆ្លងផ្លូវបានពាក់កណ្ដាល ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកព្រុស ពណ៌ស (មិនចាំស្លាកលេខ) បើកយ៉ាងលឿនដូចហោះ មកបុកស៊ីក្លូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរូបនាងដែលជាអ្នកជិះខាងមុខ ខ្ទាតទៅលើថ្នល់ របួសរលាត់ដៃរលាត់ជើង ចំណែក ស៊ីក្លូ និងបុរសរងគ្រោះបានជាប់នៅខាងមុខរថយន្ត អូសនឹងថ្នល់រាប់សិបម៉ែត្រ បណ្តាលឲ្យបុរសរងគ្រោះស្លាប់មួយរំពេចនឹងកន្លែងយ៉ាងអាណោចអាធ័ម។ រីឯរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុយកស៊ីក្លូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងការស្រាវជ្រាវរករថយន្តបង្ក និងអ្នកបើកបរមកធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕