ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី​ បាននិយាយបែបលេងសើចថា និងក្នុងន័យចំអកឲ្យអ្នករិះគន់ទាំងនោះយ៉ាងដូច្នេះថា៖«ស្រុកខ្មែរ អត់ទាន់មានកើតជំងឺ (កូរ៉ូណា) មួយទេ…ប្រហែលដល់ថ្ងៃ៣១ ខែកុម្ភៈ ឯណោះ ទើបជំងឺហ្នឹង កើតឡើង»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា៖«បើអត់មាន៣១កុម្ភៈ អាហ្នឹងវាអត់ (មានជំងឺហ្នឹងហើយ) វា ចប់ហើយ»។ មេដឹកនាំរូបនេះ ក៏បានប្រកាសដែរថា កម្ពុជា មានសមត្ថភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃការរាលដាលវីរុស COVID-19។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបែបនេះក៏ព្រោះតែជឿជាក់ខ្លាំងថា នឹងមិនមានពលរដ្ឋកម្ពុជាណាម្នាក់ ឆ្លងវីរុស COVID-19 (កូរ៉ូណា) នោះទេ។ ការបង្ហាញក្តីជឿជាក់នេះ គឺដើម្បីឆ្លើយតបនឹងមជ្ឈដ្ឋានខ្លះ ដែលចោទសម្តេចថា នាំវីរុស COVID-19 ចូលស្រុក ៕