ប៉េ​កាំ​ង ៖ ពិតជា​ដំណឹង​ល្អ ដែល​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន ផ្អែក​លើ​លទ្ធផល​នៃ​ការ​ព្យាបាល​សាកល្បង​បាន​ទទួលស្គាល់​ថា ថ្នាំ ក្លូ​រ៉ូ​គី​ន ផូស្វាត (Chloroquine Phosphate) ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង ជំងឺគ្រុនចាញ់ មាន​ឥទ្ធិពល​ក្នុង​ការ​ព្យាបាលអ្នកជំងឺដែលឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ជាសះស្បើយយ៉ាងមានប្រសិទ្ធភាព នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ ចេញផ្សាយ​ថ្ងៃ​ទី​១៧ កុម្ភៈ ២០២០ ។​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពីព្រឹកថ្ងៃចន្ទនេះ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ ថា​ឱសថ ក្លូ​រ៉ូ​គី​ន ផូស្វាត (Chloroquine Phosphate) នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​វេជ្ជសាស្ត្រ ក្នុង​ការ​ព្យាបាល អ្នកឆ្លងវីរុស​កូ​វី​ដ​១៩ COVID-19 ហើយ​ការ​ព្យាបាល​​តាម​វី​ធី​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​» ។

គិតត្រឹមម៉ោង១០យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់សរុបដោយសារវីរុសCOVID-19 បានកើនដល់ ១,៧៧៥នាក់ និងអ្នកឆ្លងកើនដល់៧១,៤៤០នាក់ ។ ចំណេកឯ អ្នកទទួលការព្យាបាលជាសះស្បើយ មានចំនួន១០,៦១៥ នាក់ ៕