ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ ខណៈកំពុងងូតទឹកមិនចាប់អារម្មណ៍ ស្រាប់តែត្រូវប្អូនថ្លៃល្មោភកាមចូលទៅចាប់ផ្តួល រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈទាំងកម្រោលរហូតបានសម្រេច ធ្វើឲ្យរងគ្រោះ របួសប្រដាប់ភេទធ្ងន់ធ្ងរ ហូរឈាមរហូតសន្លប់បាត់បង់ស្មារតី។
ករណីប្អូនថ្លៃចាប់រំលោភបងថ្លៃស្រីរហូតសន្លប់បាត់បង់ស្មារតីនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចពាងទឹកក្បែរផ្ទះស្រ្តីរងគ្រោះ ស្ថិតនៅក្នុង ភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ។ លុះដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ទើបចាប់ខ្លួនជនសង្ស័យបាន។

នារីរងគ្រោះឈ្មោះ វ.ស.គ អាយុ៤៨ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រូវជាបងថ្លៃជនសង្ស័យ ) ។ ចំណែកឯជនសង្ស័យឈ្មោះ ធុន អយ ហៅ ហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ក្នុងមូលដ្ឋានខាងលើជាមួយគ្នា ។
មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានងូតទឹក ស្រាប់តែពេលនោះ ជនសង្ស័យបានលបទៅចាប់ស្រ្តីរងគ្រោះពីក្រោយផ្តួល ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកម្រោលរហូតបានសម្រេច ធ្វើឲ្យស្រ្តីរងគ្រោះមានអាការៈហូរឈាមជាច្រើន ហើយសន្លប់ ត្រូវបានប្អូនស្រីបង្កើតបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពបឹងកន្ទួត តែដោយអាការៈ ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ប្រភពបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ នឹងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចាប់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕