ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានរងបួសធ្ងន់ ខណៈដែលរថភ្លើងបុកជាមួយគ្រឿងចក្រឈូសឆាយដី ។

ហេតុការណ៍នៃការបុកនេះបានកើតឡើងនៅវេលាម៉ោង៧និង៥៥ នាទីព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២០ចំនុចប្រសព្វផ្លូវជាតិវាងក្រុងនិងកំណាត់ផ្លូវដែក មុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រកំពុងឈូសដី(សាសើ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើង បណ្តាលឲ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ គ្រឿងចក្រសង្កត់លើអ្នកបើកបរបណ្តាលអោយរងរបួសធ្ងន់។

សមត្ថកិច្ចដដែលបានបញ្ជាក់អោយដឹងថាអ្នករងគ្រោះក្នុងហេតុការណ៍បុកនោះមានឈ្មោះ រឿង វាសនា ភេប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ហើយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នាស្រុកមង្គលបូរី ។ចំណែកគ្រឿងចក្រឈូសដីនិងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង២គ្រឿង ។

ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយគ្រឿងចក្រឈូសដី(សាសើ) បើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង។ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំងសងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕