ភ្នំពេញ៖ ស្រីជើងល្អម្នាក់លួចម៉ូតូគេបាន បណ្ដើរយកទៅធ្វើកូនសោ ត្រូវម្ចាស់តាមទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្ថិភាព ទីតាំងផ្ទះលេខ B2.1J ផ្លូវបេតុងភូមិ ១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ស្រីជើងល្អជាជនសង្ស័យឈ្មោះ ផា សុខហេង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះខា ស្រស់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដំឡើងកាម៉ារ៉ាសុវត្ថិភាព ស្នាក់នៅផ្ទះជួល ភូមិប៉ប្រក់ទី២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY .3431 នៅមុខក្រុមហ៊ុនកាម៉ារ៉ាសុវត្ថិភាព ខាងលើ ដោយពុំបានចាក់សោ.ក ម៉ូតូឡើយ ហើយចូលក្រុមហ៊ុនមួយភ្លែត ក៏ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ខ្លួនក៏បានបើកGPS ឃើញសញ្ញា ក៏យកម៉ូតូមិត្តភក្តិម្នាក់ជិះតាមរកតាមសញ្ញា GPS ។ ពេលជិះម៉ូតូមកដល់ស្ថានីយប្រេងឥន្ធនៈសូគីម៉ិច នៅផ្លូវ១៨២ កែងនឹងផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ឃើញជនសង្ស័យកំពុងធ្វើកូនសោម៉ូតូ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់ ចាត់ការតាមច្បាប់តែម្ដងទៅ ។

នៅវេលាម៉ោង១១និង៤០នាទីព្រឹក ឃាត់ខ្លួនជនសង្ស័យបាន ឈ្មោះ ផា សុខហេង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលម្តុំវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕