ខេត្តតាកែវ៖ មន្ត្រីនគរបាលវ័យចំណាស់ បានយកពូថៅកាប់នារីជាប្រពន្ធក្មេងគ្មានញញើតដៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ។

ជនដៃដល់ដែលយកពូថៅកាប់ប្រពន្ធស្លាប់នេះ មានឈ្មោះប្រាក់ សារ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនគរបាល រស់នៅភូមិ-ឃុំកើតហេតុ។ ចំណែក នារីរងគ្រោះជាប្រពន្ធមានឈ្មោះ អៀល ទិត្យផល្ល័យ អាយុ២១ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានយកពូថៅកាប់ទៅលើ នារីជាប្រពន្ធត្រូវត្រង់ក្បាល ជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់ភ្លាមៗមួយរំពេច ដោយផ្តើមចេញពីភ្លើងប្រចណ្ឌ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ ។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់នារីរងគ្រោះជាប្រពន្ធស្លាប់មែន។ បន្ទាប់សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែក សពនារីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕