ខេត្តកណ្ដាល៖ បុរសម្នាក់ផឹកស្រាស្រវឹងបែកគំនិតយកដែកកេះដុតផ្ទះម្ដាយខ្លួនឯង បណ្ដាលឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះម្ដាយមីងដែលនៅក្បែរគ្នាមួយខ្នងទៀត បណ្ដាលឲ្យឆេះខ្ទេច កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ។

ជនសង្ស័យឈ្មោះ រុន ពក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
រីឯស្រ្ដីរងគ្រោះត្រូវជាម្ដាយជនសង្ស័យឈ្មោះ ថា ទ្រព្យ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី រៀបជញ្ជាំងបេតុងពីក្រោម ទំហំ៨គុណ៩ម៉ែត្រ និងសំភារៈក្នុងផ្ទះមួយចំនួន និងទី២ត្រូវជាម្ដាយមីងឈ្មោះ ថា អឺង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ឆេះផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៥គុណ៧ម៉ែត្រ និងសំភារៈក្នុងផ្ទះមួយចំនួនដែរ។

មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងតាំងពីព្រឹកមក ខណៈមកដល់ផ្ទះក៏បានរករឿងក្រុមគ្រួសារ ហើយស្រ្ដីជាម្ដាយក៏បានលួងលោមឲ្យជនសង្ស័យដេកនៅលើផ្ទះទៅ ។ លុះមកដល់វេលាម៉ោង១៨និង៣០នាទី ស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះកាន់តែខ្លាំងទៅៗ រហូតរាលដាលដល់ផ្ទះរបស់ម្ដាយមីងរបស់ជនសង្ស័យយ៉ាងសន្ធោសន្ធៅ ក៏ផ្អើលឆោឡោប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្ដរាគមន៍ ។

ភ្លាមនោះរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចំនួន៣គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកោះធំ ចំនួន១គ្រឿងទៀត ចេញទៅជួយបាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង១៩និង១០នាទី យប់ថ្ងៃដដែល។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕