ព្រះសីហនុ៖ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា Westerdam មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ រៀងៗខ្លួន។

ភ្ញៀវទេសចរទាំង៨២៧នាក់ នេះ បានធ្វើដំណើរតាមយន្តហោះចំនួន ៦ជើង ដោយហោះចេញពីព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវាមួយចំនួនទៀត បានធ្វើដំណើរតាមរថយន្តក្រុង។

មន្រ្តីសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ភ្ញៀវទេសចរដែលចាកចេញពីនាវា Westerdam នៅថ្ងៃនេះ សរុបមាន ៦ជើង រួមមាន៖
.ជើងហោះហើរទី១៖ ចេញម៉ោង០៨៖១០នាទីព្រឹក មានអ្នកដំណើរចំនួន១២៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
.ជើងហោះហើរទី២៖ ចេញម៉ោង០៨៖៣០នាទីព្រឹក មានអ្នកដំណើរចំនួន១៤៣នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
.ជើងហោះហើរទី៣៖ ចេញម៉ោង០៩៖៥៨នាទីព្រឹក មានអ្នកដំណើរចំនួន១៥៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
.ជើងហោះហើរទី៤៖ ចេញម៉ោង១២៖៥០នាទី មានអ្នកដំណើរចំនួន១១៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
.ជើងហោះហើរទី៥៖ ចេញម៉ោង ១២៖៣៥នាទី មានអ្នកដំណើរចំនួន ១០៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
.ជើងហោះហើរទី៦៖ ចេញម៉ោង១៣៖១៥នាទី មានអ្នកដំណើរចំនួន១២២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។

ដោយឡែកនៅម៉ោង១៧៖២០នាទី មានអ្នកដំណើរចំនួន០២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) ហើយបុគ្គលិកនាវា ចំនួន៥៦នាក់ ចេញតាមឡានក្រុងទៅរាជធានីភ្នំពេញ។ សរុបអ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកលើនាវាសម្រាប់ថ្ងៃនេះ មានចំនួន ៨២៧នាក់។

មន្រ្តីដដែលបានឲ្យដឹងថា កាលពីម្សិលមិញ ភ្ញៀវទេសចរបានចេញពីខេត្តព្រះសីហនុ ចំនួន៤១៥នាក់ (តាមយន្តហោះ៤០៥នាក់ និងតាមរថយន្ត១០នាក់) សរុបចំនួនពីរថ្ងៃ អ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកមានចំនួន ១២៤២នាក់។
ក្នុងពេលចាកចេញនោះ កម្លាំងនគរបាលខេត្ត សហការជាមួយខាងកំពង់ផែ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានជួយសម្រួលក្រុមភ្ញៀវទេសចរទាំងនេះ ផងដែរ៕