ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ជិត ៥៨ហិកតារ ក្នុងទំហំទឹកប្រាក់ជិត៣លានដុល្លារឲ្យទៅពាណិជ្ជករចិន នៅក្នុងខេត្តកំពង់ស្ពឺ។

ជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ កែវ មុនីរតន៍ អាយុ៥៥ឆ្នាំ ស្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម LEGCY ជាន់ទី៤ ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង ខណ្ឌចំការមន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានជនរងគ្រោះជាជនជាតិចិន ប្តឹងពីបទឆបោកនូវទឹកប្រាក់ចំនួន ២,៩០០,០០០ដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីធ្លីទំហំ ៣៣ហិកតារ នៅចំណុចគីឡូត៍ម៉ែត្រលេខ៣២ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។

ជនសង្ស័យ និងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ បានធ្វើកិច្ចសន្យាទិញលក់ដីខាងលើឲ្យទៅជនរងគ្រោះ ដោយអះអាងថា ជនសង្ស័យជាម្ចាស់ដីផ្ទាល់ និងមានមន្ត្រីនគរបាល នៅក្រសួងមហាផ្ទៃជាសាក្សី ប៉ុន្តែតាមការពិតពួកគេ ពុំមានដីប្រគល់ឲ្យជនរងគ្រោះតាមកិច្ចសន្យាឡើយ ទើបជនរងគ្រោះប្តឹងឲ្យតុលាការជួយរកយុត្តិធម៌ឲ្យតែម្តងទៅ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ មានមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ កំពុងរត់ការខ្វែងខ្វាត់ ដើម្បីឲ្យតុលាការដោះលែងជននេះ ឲ្យមានសេរីភាពវិញ៕