ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានចែកចាយការកោតសរសើរជាបន្ដបន្ទាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំពោះមន្ដ្រីនគរបាលខណ្ឌឫស្សីកែវម្នាក់ ដែលបានប្ដូរផ្ដាច់ចូលទៅជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ ដែលជាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ។

មន្ដ្រីនគរបាលដែលបានប្ដូរផ្ដាច់ចូលទៅជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់នោះ មិនទាន់ត្រូវបានគេបង្ហាញឈ្មោះនោះទេ តែគេដឹងថា ជាមន្រ្តីនគរបាលប៉ុស្តិ៍ម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ។
ជាមួយគ្នានោះ គេក៏ឃើញមានមន្ដ្រីនគរបាលជាច្រើនរូបផ្សេងទៀត បានយកអស់កម្លាំងកាយចិត្ត ដើម្បីជួយប្រជាពលរដ្ឋក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងល់នេះ បានកើតឡើងនៅវេលាម៉ោង០១៖៥៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៤ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ។

ផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញដំបូង ប្រភេទឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ មូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី និងបានឆេះរាលដាលដល់ផ្ទះចំនួន៤ ព្រមទាំងសាលារៀនចំនួន២បន្ទប់ផងដែរ ។

កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបអាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ។ ចំណែករថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង និងរថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០២គ្រឿងទៀត មកដល់ដែរ តែមិនបានប្រើប្រាស់ទឹកទេ៕