រាជធានីភ្នំពេញ៖ ជនសង្ស័យ ឈ្មោះ មុំ ណាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជាចោរឆក់ ដែលកម្លាំងល្បាតមូល ដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩:១៥នាទី បន្ទាប់ពីរូបគេ រួមជាមួយនិងបក្ខពួកម្នាក់ទៀត(រត់គេចខ្លួន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវ នៅចំណុច មុខបន្ទាយកងពលតូចដឹកជញ្ជូន៩៩ ផ្លូវបេតុង ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេ រួមនិងបក្ខពួកម្នាក់ទៀត(រត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ នៅចំណុច ខាងលើ ពិតប្រាកដមែន ដោយប្រើមធ្យោយបាយ សម្រាប់ឆក់ ម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1K-9523។

ជនសង្ស័យ បា្រប់ឲ្យដឹងទៀតថា កន្លងមកក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ រូបគេ និងឈ្មោះ ហាក់(គេចខ្លូន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីប្រជាពលរដ្ឋបាន ១គ្រឿង ម៉ាក Iphone 6 Plus ដែលកំពុងធ្វើដំណើរលើដងផ្លូវបានសម្រេច ហើយយកទៅលក់បានប្រាក់ ៣០ដុល្លាអាមេរិក។

ក្រោយពីធ្វើការសួរចម្លើយជនសង្ស័យរូបនេះរួច សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ នាព្រឹកថ្ងៃទ១៥ ខែកុម្ភៈ ឆ្នាំ២០២០៕