រាជធានីភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២០នេះ ជារួម ការងារស្ដារអូរមួយចំនួននៅក្នុងក្រុងព្រះសីហនុស្ដាររួចរាល់ប្រវែង ១៥ ២១៦ ម៉ែត្រ ស្នើនឹង ៥១,១០ ភាគរយ។

ក្នុងឳកាសចុះពិនិត្យ វឌ្ឍនភាពការងារស្ដារប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០លោក ស៊ុន ចាន់ថុលបានបញ្ជាក់ថា អូរដែលស្ដារទាំងនោះមានចំនួន៥ និងមានប្រវែងសរុបចំនួន២៩ ៧៩១ ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល។

លោកបន្ថែមថា” គិតត្រឹមខែមករា ឆ្នាំ២០២០នេះ ជារួម អូរទាំងនេះត្រូវបានស្ដាររួចរាល់ប្រវែង ១៥ ២១៦ ម៉ែត្រ ស្នើនឹង ៥១,១០ %។ ចំណែកឯប្រវែងដែលនៅសេសសល់ ក្រសួង និងសហការជាមួយអាជ្ញាធរដែនដីដើម្បីពន្លឿន ការការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់”។

នាឳកាសនោះដែរលោក ទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងនេះជាពិសេស កំពុងរស់នៅតាមប្រឡាយទាំងនេះចូលរួម និងសហការជាមួយក្រុមការងាររបស់ក្រសួង និងអាជ្ញាធរដែនដី ដើម្បីឱ្យការស្ដារនេះមានល្បឿនកាន់តែលឿន ព្រមទាំងយោគយល់ខ្ពស់ចំពោះការរំខាននានាខណៈពេលកំពុងស្ដារ​ ៕