ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាយុវជនជិះម៉ូតូ២នាក់ បានគប់រថយន្ដរបស់ខ្លួន ក៍បើករថយន្ដស៊េរីទំនើបដេញបុកពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖៥៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាភូមិន្ទរដ្ឋបាល តាមដោយផ្លូវ៦៣ កែងនឹងផ្លូវ៤៦៦ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សពយុវជនរងគ្រោះឈ្មោះ ឡេង ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ ញឹន សាវឿន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរ ជាអ្នកបើករថយន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-5573 ដោយធ្វើដំណើរនៅតាមបណ្ដោយផ្លូវ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណៈនោះក៏មានយុវជនពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-2009 ដោយធ្វើដំណើរមកពីក្រោយ រួចសំឡេង ផាំង! ដោយសង្ស័យថា យុវជនដែលជិះម៉ូតូនោះបានគប់ទៅលើរថយន្តរបស់គាត់ ធ្វើឲ្យរូបគាត់ខឹងយ៉ាងខ្លាំង ក៍បានបើករថយន្តដេញតាមពីក្រោយ បុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនអ្នកបើករថយន្ដបង្កខាងលើ យកទៅអធិការខណ្ឌភ្លាមៗតែម្ដង ហើយសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង និងយករថយន្តរួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងទាក់ទងទៅក្រុមគ្រួសារសព មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕