ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ឆ្នាំ១៩៤៧ គឺជាឆ្នាំដែលបានផ្ដល់នូវគុណប្រយោជន៍គាប់ប្រសើរមួយ សម្រាប់ប្រទេសកម្ពុជា ដោយសារបារាំង បានទាមទារទឹកដីខេត្តបាត់ដំបង និងទឹកដីមួយភាគធំនៃខេត្តសៀមរាប និងកំពង់ធំ ដែលថៃបានដណ្ដើម យកទៅតាំងពីឆ្នាំ១៩៤១នោះ យកមកឲ្យប្រទេសកម្ពុជាវិញ ហើយប្រទេសថៃត្រូវបង្ខំចិត្តសុំអភ័យទោស ចំពោះប្រទេសជាមហាអំណាច ពីការសមគំនិតរបស់ខ្លួនជាមួយពួកឈ្លានពានជប៉ុន និងពួកហ្វាស៊ីស អាល្លឺម៉ង់ ។
សឺន សាន ត្រូវបានតែងតាំងជាតំណាងព្រះមហាក្សត្រ ទៅចូលរួមក្នុងពិធី ចុះហត្ថលេខាព្រមព្រៀងបារាំង-ថៃ ស្ដីពីការប្រគល់ទឹកដីខេត្តបាត់ដំបង និងទឹកដីមួយភាគធំនៃខេត្តសៀមរាប និងកំពង់ធំ នោះ មកឲ្យកម្ពុជាវិញ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

លោក សឺន សាន

បន្ទាប់មកនៅខេត្តបាត់ដំបង លោកជេរី ដាកហ្សង់លីយេ ជាតំណាងប្រទេសបារាំង បានរៀបចំពិធីថ្វាយទឹកដីខេត្តទាំងបីនោះមកឲ្យព្រះមហាក្សត្រខ្មែរវិញ យ៉ាងអធិកអធមបំផុត ។ ប៉ុន្តែមុនពេលដកថយទៅវិញ កងទ័ពថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន ជាពិសេសគឺពួកគេបានដាក់គ្រាប់មីនបំផ្លាញស្ពានខ្ទេចខ្ទីអស់ ។
ពេលនោះដែរ គណបក្សប្រជាធិបតេយ្យនៅតែមានប្រជាប្រិយភាពដដែល ទោះបីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតទៅហើយក្ដី ។ លោកអៀវ កើស បានបន្តដឹកនាំគណបក្សនេះ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៤៧ ទទួលបានអាសនៈនៅក្នុងរដ្ឋសភា ដល់ទៅ៥៤ អាសនៈ ។ គណបក្សសេរីភាពរបស់ព្រះអង្គម្ចាស់នរោត្ដម នរិន្ទដេត ទទួលបាន២១ អសនៈ ក្នុងចំណោមអាសនៈសរុប៧៥ ក្នុងរដ្ឋសភា ។ ចំណែកមេដឹកនាំគណបក្សមួយចំនួនទៀត ដែលមិនបានជាប់ឆ្នោត ក៏ត្រូវបានតែងតាំងជាសមាជិករបស់ក្រុមប្រឹក្សាព្រះរាជាណាចក្រដែរ ។

លោក អៀវ កើស

ក្រោយលទ្ធផលនៃការបោះឆ្នោត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧ នោះ លោកអៀវ កើស បានបន្តកាន់តំណែងជាប្រធានរដ្ឋសភាបន្តទៀត ។ ជាមួយគ្នានោះនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៨ គណបក្សប្រជាធិបតេយ្យក៏បានរៀបចំរាជរដ្ឋាភិបាលថ្មីមួយ ដោយមានលោកឈាន វ៉ន ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ, លោកសឺន សាន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , លោកពីរូដ ដឺម៉ុងតេរូ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកយិត ស្រ៊ុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកសុន វ៉ឺនសៃ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ សាធារណការ និងការពារជាតិ, លោកហ៊ុយ កន្ធុល ជារដ្ឋមន្ត្រីក្រសួងធម្មការ ពុទ្ធិកសិក្សា និងសង្គមកិច្ច, លោកម៉ម ស៊ុន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកយ៉ែម សំបូរ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ ,លោកមៀច គន្ធ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ, លោកហ៊ុយ ម៉ោង ជារដ្ឋលេខាធិការក្រសួងការពារជាតិ, លោកថុន អ៊ុក ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកអ៊ិត ស៊ាម ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងផ្គត់ផ្គង់ ៕