ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាស្រែកឡូឡារករឿងក្រុមគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តឲ្យខូចខាតអស់មួយចំនួន លុះព្រឹកឡើង ឃើញដេកស្លាប់នៅលើគ្រែដោយសារមុតអំបែងពាងដែលខ្លួនវាយបំផ្លាញ ។
ករណីនេះបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

ជនរងគ្រោះឈ្មោះ គង់ ឆាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិឃុំខាងលើ ។

តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះ បានឲ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ព្យាយាមចងក.ធ្វើអត្ដឃាត២ដងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងឃើញ ជួយទាន់ពេល ។លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោងប្រមាណ១៥រសៀល ជនរងគ្រោះបានផឹកស្រាស្រវឹងជោក ហើយស្រែកឡូរឡាររករឿងឪពុកម្ដាយ និងយកដំបងឫស្សីមកវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះដូចជា៖ ពាងទឹក ,ចាន និងកាធុន បណ្តាលឲ្យបែកខ្ទេចខ្ទី រួចក៏ស្ងាត់ទៅវិញ ។ លុះព្រឹកឡើង វេលាម៉ោង១០និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានហូរឈាមនៅក្រោមជើង ។


ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹង និងដាច់រយះដោយសារអំបែងពាង ហើយដេកហូរឈាមខ្សោះអស់ពីខ្លួនរហូតដល់ស្លាប់បែបនេះ និងប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕