បរទេស៖ អនុរដ្ឋមន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន លោក Zeng Yixin បានរាយការណ៏ថា វីរុសកូវីដ COVID 19 បានរាលដាលឆ្លងដល់បុគ្គលិកពេទ្យប្រមាណ ១ ៧១៦នាក់ និង៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺរលាកសួតប្រភេទថ្មី។ ការអះអាងនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមសារព័ត៌មាន South China Morning Post

លោក Zeng Yixin ​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ស្តីអំពី​ការការពារ​បុគ្គលិក​សុខាភិបាល​ពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ឲ្យដឹងថា ចំនួន​បុគ្គលិក​ពេទ្យ ដែល​ឆ្លង​ជំងឺ COVID-19 គឺ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ចិនរូបនេះ បាន​លើកឡើងថា បុគ្គលិក​សុខាភិបាល​ចំនួន ១៧១៦​នាក់ បានកើត​ជំងឺ​នេះ និង ៦​នាក់​ផ្សេងទៀត បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ​។

​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​លើ​បុគ្គលិក​សុខាភិបាល​ជា​បន្តបន្ទាប់ និង​មាន​ចំនួន​ច្រើន​បែបនេះ គឺ​បណ្តាលមកពី​វិបត្តិ​ខ្វះ​ម៉ាស់ និង​សម្ភារ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល​នៅក្នុង​ប្រទេស​ចិន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​សម្ភារ​ការពារ​ទាំងនេះ គឺ​កើតឡើង​ដោយសារតែ រដ្ឋាភិបាល​ចិន បាន​ពន្យារពេល​ឈប់សម្រាក​ដល់​ប្រជាជន​ចិន​ទាំងអស់​ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​ចិន​មក​ម្លេះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ COVID-19 និង​តម្រូវការ​ខ្ពស់​របស់​ប្រជាជន​ចិន ក្នុងការ​ប្រើប្រាស់​សម្ភារ​ទាំងនោះ​។

គួរបញ្ជាក់ដែលថា រហូតមកដល់​ពេលនេះ រោងចក្រផលិតម៉ាសមួយចំនួននៅចិន បានបើកដំណើរការវិញ​ហើយ ប៉ុន្តែ​រោងចក្រ​ទាំងនោះ បើក​ដំណើរការ​ត្រឹមតែ​មួយផ្នែក​ប៉ុណ្ណោះ ពីព្រោះតែវីរុសកូវីដ COVID 19 បានរាលដាលកាន់តែខ្លាំងឡើងជាពិសេសនៅក្នុងខេត្តហ៊ូប៉ីន និងទីក្រុងវូហាន ដែលជាចំនុចកណ្ដាលនៃប្រភពវីរុសបានផ្ទុះឡើង ៕