ខេត្តស្វាយរៀង៖ មន្តី្រនគរបាលម្នាក់ បានបើករថយន្ត១គ្រឿង ក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបុគ្គលិកធនាគារ ABA ម្នាក់ ដែលកំពុងជិះម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧-១៣៨ ស្ថិតភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។

ជនរងគ្រោះ មានឈ្មោះព្រំ សារ៉ុន អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារABA រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-8090 ខណ:មកដល់កើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2060 បើកបរជាមន្ត្រីនគបាលម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែងយកវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះត្រូវក្រុមគ្រួសារដឹកសពត្រឡប់មកផ្ទះ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគជាពន់ពេក៕