បរទេស៖ មន្រ្ដីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់សម្លាប់យ៉ាងសំងាត់ក្រោមបញ្ជារបស់រដ្ឋាភិបាល ក្រោយពីវិលត្រឡប់មកពីប្រទេសចិន វិញជាមួយថ្នាក់ដឹកនាំកំពូលលោក គីម ជុងអ៊ុន ហើយមានផ្ទុកវីរុសកូវីដ COVID-19​។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន dongA.com

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា មន្រ្ដីពាណិជ្ជកម្មរូបនេះបានលួចទៅអាងងូតទឹកសាធារណៈមួយកន្លែង ដែលជាតំបន់ងាយនឹងឆ្លងវីរុសកូរ៉ូណាបំផុត ក្នុងអំឡុងពេលនៅក្នុងប្រទេសចិន។ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសចិនវិញ មន្រ្ដីដែលចូលរួមអមដំណើរជាមួយលោកគីម ជុងអ៊ុន ទាំងអស់ត្រូវបានគេធ្វើតេស្ដដើម្បីរកវីរុុសកូវីដ COVID-19 ប៉ុន្តែគ្មាននរណាម្នាក់មានទេ​ គឺមានតែគាត់មានផ្ទុកវីរុសកូវីដ ហើយគេក៏បានដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេឯង។ យ៉ាងណាមិញ រដ្ឋាភិបាលផ្ទុះកំហឹងយ៉ាងខ្លាំង ក៏សម្រេចចាប់ខ្លួនគាត់ និងបាញ់សម្លាប់ចោលតែម្ដង ចៀសវាងវីរុសកូរ៉ូណារាលដាលទៅដល់អ្នកដទៃទៀត។

គួរបញ្ជាក់ដែរថា ការប្រហារជីវិតនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានចេញក្រឹត្យក្រមមួយថាប្រទេសនេះនឹង “គ្រប់គ្រងដោយច្បាប់យោធា” ប្រឆាំងនឹងជនណាដែលបានចាកចេញដោយគ្មានការយល់ព្រម។

ដោយឡែក មានប្រភពព័ត៌មានមួយទៀតត្រូវបានគេរាយការណ៍ផងដែរថា មានមន្រ្ដីជាន់ខ្ពស់នៃទីភ្នាក់ងារសន្តិសុខជាតិ ម្នាក់ទៀតដែលបានព្យាយាមលាក់បាំងការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសចិន នៅ North Pyongan ត្រូវបានគេនិរទេសទៅកសិដ្ឋានមួយនៅដាច់ស្រយាល។

គួរឲ្យដឹងដែរថា បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប្រទេសកូរ៉េខាងជើងបានបិទច្រកព្រំដែនជាមួយនឹងប្រទេសចិន ដែលជាសម្ព័ន្ធមិត្តការទូតដ៏សំខាន់តែមួយគត់របស់ខ្លួន។ ជើងហោះហើរត្រូវបានកាត់បន្ថយ នឹងមានទ័ពល្បាតយ៉ាងតឹងរឹងតាមផ្លូវដែក និងផ្លូវគោក។ ហើយមកទល់ពេលនេះ មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងជើងឡើយ ៕

ប្រភព៖ nationalpost dongA.com