រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានអញ្ជើញទទួលស្វាគមន៍អ្នកដំណើរលើនាវា Westerdam និងបានអនុញ្ញាតឱ្យអ្នកដំណើរចុះពីលើនាវា ហើយមួយចំនួនបន្តដំណើរទៅកាន់ប្រទេសគោលដៅតាមរយៈជើងហោះហើរពីកម្ពុជា និងមួយចំនួនទៀត អាចដើរកម្សាន្តនៅខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។

សម្តេចមានប្រសាសន៍ថា ការអញ្ជើញទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ដ៏ធំមួយនេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសដើម្បីផ្ដល់ក្តីស្រឡាញ់ ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវា រួមមានទាំងមនុស្សចាស់ ស្ត្រី និងកូនក្មេងដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ កុំឲ្យភ័យតក់ស្លុត អស់សង្ឃឹម។

សម្ដេចបន្ថែមថា ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យអាការ សុខភាពរបស់អ្នកដំណើរទាំងអស់ មុនពេលអនុញ្ញាតឱ្យចេញក្រៅនាវា និងបន្តដំណើរតាមរថយន្ត Bus រួចឡើងយន្តហោះនៅអាកាសយានដ្ឋានកងកេង ទៅកាន់ប្រទេសគោលដៅ ។ ក្រៅពីនេះពួកគេអាចមានជម្រើស បន្តដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ឬខេត្តសៀមរាប បន្តទៀតបាន ដោយមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម គួច ចំរើន ជាអ្នកសម្របសម្រួលចាត់ចែង។
សម្តេចថ្លែងបញ្ជាក់ថា នាវាយក្ស Westerdam នេះអាចបន្តស្នាក់នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។ ក្នុងឱកាសនោះ សម្ដេច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅទីនោះកុំឱ្យមានការភ័យខ្លាច ចំពោះការឆ្លងជំងឺរហូតដល់តក់ស្លុតភ័យខ្លាចហួសហេតុ និងសូមចូលរួមក្នុង សកម្មភាពមនុស្សធម៌ផងដែរ។

ដោយឡែក គណនីហ្វេសប៊ុកផេករបស់ Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះនៅមុននេះបន្តិចមានខ្លឹមសារថា « សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ទាំងពេលនេះនិងពេលក្រោយទៀត​ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

ថ្លែងដោយទឹកមុខញញឹមរីករាយ និងមោទនភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យភ្ញៀវចាកចេញពីលើនាវា Westerdam ហើយអាចមកទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសៀបរាមតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា គឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះ បើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀត គឺកម្ពុជារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយជានិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ»៕