ខេត្តក្រចេះ ៖ យុវវ័យប្រុសស្រី៣នាក់ បាននាំគ្នាទៅងូតទឹកទន្លេលេងកំសាន្ត តែអកុសល បានរអិលជើងទៅកន្លែងមានទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់យ៉ាងណាអាណោចអាធ័ម នៅចំណុចតំបន់ខ្សាច់ដុះ ស្ថិតក្នុងភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៥ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ជនរងគ្រោះដែលលង់ទឹកស្លាប់នេះ ទី១-ឈ្មោះ ធិន ភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែតស្រុកឆ្លូង ។ ទី២-ឈ្មោះឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ។ ទី៣-ឈ្មោះខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោងទី ១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ។
ក្រោយកើតហេតុ ក្រុមគ្រួសារនិងសមត្ថកិច្ចស្រុកឆ្លូង បានចុះរាវរកសពជនរងគ្រោះអស់រយៈពេលជាង២ម៉ោង ទើបឃើញ និងស្រង់ឡើងគោកធ្វើការពិនិត្យ។

លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា នគរបាលជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យលើសាកសព និងបានរកឃើញថា ស្លាប់ដោយសារលង់ទឹកមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន យ៉ាងក្តីសោកអាល័យជាពន់ពេក៕