ម៉ាក់​ប៉ា​មួយ​ចំនួន​ជ្រើស​​រើស​យក​ទឹក​សុទ្ធ ទឹក​មាន​ជាតិ​រ៉ែ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន​នានា មក​​ឆុង​ម្សៅ​​ទឹក​ដោះ​គោ​​ឲ្យ​​កូនតូច​ម៉ឹម ខណៈ​មួយ​ចំនួន​តូច​ទៀត​ជ្រើស​រើស​ទឹក​ដាំ​ពុះ។ រវាង​ទឹក​ដាំ​ពុះ ទឹក​បរិសុទ្ធ ទឹក​មាន​​ជាតិ​រ៉ែ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម?

ក្នុង​​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​បញ្ជាក់​ថា ក្បូន​ពេទ្យ ទឹក​ដែល​ល្អសម្រាប់​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ។

ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ទារក​កើត​មក​មិន​គ្រប់​គីឡូ ដែល​មាន​សុខភាព​ខ្សោយ​នោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ប្រើ Sterilized water (ទឹក​ដែល​បាន​ពី​រំហួត​ទឹក​ដាំ) ទឹក​ដែល​គេ​ប្រើ​សម្រាប់​លាយ​ថ្នាំ។ “ទឹក​នោះ​ថ្លៃ​ខ្លាំង​ណាស់ ដោយ​ទឹក​ប្រភេទ​នេះ​គេ​ប្រើ​សម្រាប់​តែ​ក្មេង​កើត​មក​មិន​គ្រប់​គីឡូ​ប៉ុណ្ណោះ អ៊ីចឹង​ទឹក​ដែល​ប្រើ គឺ​ជា​ទឹក​ពិសេស ជា​ទឹក​គ្មាន​មេរោគ កាលណា​មាន​មេរោគ​ចូល​ទៅ ក្មេង​ទាំង​នោះ​ឈឺ​ធ្ងន់”

ចំពោះ​ក្មេង​កើត​មក​មាន​សុខភាព​ល្អ​ធម្មតា លោកស្រី​វេជ្ជបណ្ឌិត​ថា តាម​អនុសាសន៍​របស់អង្គការ​សុខភាព​ពិភព​លោក គឺ​ត្រូវ​ប្រើ​ទឹក​ដាំ​ពុះ ដើម្បី​ឆុង​ទឹក​ដោះ​ឲ្យ​កូន។

ហេតុអី​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បញ្ជាក់​ថា ទឹក​ប្រភព​ណា​ក៏​ដោយ ត្រូវ​តែ​ដាំ​ឲ្យ​ពុះ ព្រោះ​អី​កម្តៅ​មក​ពី​ទឹក​ពុះ​អាច​សម្លាប់​មេរោគ​បាន​ទាំង​អស់។ ចំណុច​ពិសេស​មួយ​ទៀត​នោះ បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ម្សៅ​ទឹកដោះ​គោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ កូន​តូច​ក៏​អាច​ចៀស​ពី​បញ្ហា​ទល់​លាមក​ទៀត។

ទឹកឆុងទឹកដោះគោ
វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ

វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖

១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត
២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន
៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ
៤. ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក
៥. លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ
៦. យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក
៧. ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម
៨. ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ?

ប្រភព៖ Hello គ្រូពេទ្យ