ភ្នំពេញ៖ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា លទ្ធផលនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមលើករណីសង្ស័យចំពោះអ្នកទេសចរណ៍មកតាមកប៉ាល់ Westerdam ចំនួន២០នាក់បានបង្ហាញថាអវិជ្ជមានគឺគ្មានវីរុស Covid -19 ទេ ។

ការប្រកាសនេះបានធ្វើឡើងក្រោយពីក្រសួងសុខាភិបាល បាន​បញ្ជូន​វត្ថុ​សំណាក​ទៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ​ហើយ​លទ្ធផលនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមលើករណីសង្ស័យចំពោះអ្នកទេសចរណ៍មកតាមកប៉ាល់ Westerdam ចំនួន២០នាក់ដែលថាមានបញ្ហាសុខភាពបន្តិចបន្តួចដូចជាវិលមុខនិងបញ្ហាក្រពះ ពោះវៀនខ្លះនោះ ខាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា ពួកគេពិតជាគ្មានផ្ទុកវីរុស Covid -19 ទេ។​

រដ្ឋាភិបាល បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​អាមេរិក ដែលមាន​ឈ្មោះថា Westerdam ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line​។ ក្នុងនោះ​រួមមាន ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដែល​មិន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​ឡើយ ដោយសារ​បារម្ភ​ពី COVID-19​។​
​មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​…៕