ហាណូយ ៖ អាជ្ញាធរ​វៀតណាម​បាន​និយាយ​ថា អ្នកភូមិ​នៅ​ឃុំ Son Loi ក្នុង​ប្រទេស​វៀតណាម ដែល​មាន​មនុស្ស​ប្រមាណជា ១​ម៉ឺន​នាក់ ត្រូវ​បានដាក់​ឲ្យ​នៅ​ដោយឡែក​ពី​គេ ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ បន្ទាប់​ពី​បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ ចំនួន៦​ករណីក្នុង​ឃុំ​នេះ នេះ​បើ​តាម​channelnewsasia ។​

​ភូមិ​ជា​ច្រើន​ជា​តំបន់​កសិកម្ម ក្នុង​ឃុំ​សុ​ន​ឡ​យ Son Loi ក្នុង​ខេត្ត​វិញ​ហ្វ៊ុ​ក មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​ទីក្រុង​ហាណូយ ត្រូវ​បិទ​ការ​ចេញ​-​ចូលទាំងស្រុង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​បើ​ចង់​ចេញ​-​ចូល ត្រូវ​ឆ្លងកាត់​មន្ត្រី​ច​ត្តា​ឡី​ស័ក ធ្វើការ​ត្រួតពិនិត្យ​អាកា​រៈកំ​ដៅ​ក្នុង​ខ្លួន​ជា​មុន​សិន ។​

​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បានឲ្យ​ដឹង​ថា “​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ យើង​នឹង​អនុវត្ដ​បន្ទាន់​នូវ​ការ​បិទ​រាំង​ខ្ទប់​អ្នក​ភូមិ​នានា ក្នុង​ឃុំ Son Loi ដែល​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា COVID-19 ហើយ​រយៈពេល​នៃ​ការ​បិទ គឺ​ចំនួន​២០​ថ្ងៃ​” ។​

មន្ត្រី​ដដែល​បញ្ជាក់​ថា ពី​មុន មាន​អ្នក​ភូមិ​៥​នាក់ ក្នុង​ឃុំ​សុ​ន​ឡ​យ បាន​ឆ្លង​វីរុស ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​មានករណី​ទី​៦ ។​

​ប៉ូលិស​វៀតណាម រួមនឹងអាជ្ញាធរ និង​មន្ត្រី​ពេទ្យ​(​ច​ត្តា​ឡី​ស័ក​) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជា​ច្រើន​កន្លែង តាម​ច្រក​ចេញចូល​របស់​អ្នក​ភូមិ នៅ​ឃុំ​សុ​ន​ឡ​យ ដោយ​មាន​ពាក់​ម៉ាស់​មុខ និង​សម្លៀក​បំពាក់​ការពារ ឧបករណ៍​ស្ទង់​កំ​ដៅ រួម​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ផង​ដែរ ។​

​អ្នក​ភូមិ​ត្រឹ​ន​វ៉ា​ន់​មិ​ញ បាន​ប្រាប់ AFP ថា អាជ្ញាធរ​បាន​ណែនាំ​អ្នក​ភូមិ អោយ​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​កុំ​ប្រមូលផ្តុំ​គ្នា ។ លោក​ប្រាប់​បន្ត​តាម​ទូរស័ព្ទ​ថា “​ជីវភាព​គ្រួសារ​របស់លោក បាន​រង​ផល​ប៉ះពាល់ ដោយសារ​ពឹងផ្អែក​លើ​លោក​ជា​កម្មករ​សំណង់ ។ ឥឡូវនេះ យើង​មិន​អាច​ចេញ​ទៅ​ក្រៅ​បាន​ទេ ហើយ​ទោះបី​យើង ចេញ​ទៅ​ក្រៅ​បាន ក៏​អតិថិជន​មិន​ស្វាគមន៍​ពួក​យើង​ដូច​មុន​ដែរ​” ។​

​សូម​បញ្ជាក់​ថា វៀតណាម​ជា​ប្រទេស​ដំបូង​គេ​បង្អោះ ដែល​មាន​ករណី​ឆ្លង​វីរុស COVID-19 ពី​ប្រទេស​ចិន ដែល​មាន​ព្រំដែន​ជាប់​គ្នា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ ប្រទេស​វៀតណាម មានការ​ឆ្លង​វីរុស​នេះ ដល់ ១៦​ករណី​ហើយ រួម​ទាំង​អ្នក​ភូមិ ក្នុង​ឃុំ​សុ​ន​ឡ​យ​ផង​ដែរ ៕