ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ព្រះមហាក្សត្រមិនឯកភាពតាមខ្លឹមសារ ដែលលោកម៉ាធឺវេត៍ រៀបរៀងនោះទេ ព្រះអង្គមានព្រះរាជតម្រិះថា តើព្រះអង្គត្រូវធីបសន្លឹកបៀរបស់លោកលូបេត៍ ដែលលើកឡើងខុសកាលៈទេសៈនោះ ដោយត្រឹមតែថ្លែងអំណរគុណចំពោះបំណងល្អរបស់លោក ដែលចង់ឲ្យប្រទេសកម្ពុជា មានរចនាសម្ព័ន្ធក្របខណ្ឌស៊ីវិល, យោធាឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងអ្នកបច្ចេកទេសមានជំនាញខ្ពស់ៗមុនពេលប្រទេសទទួលយកឯករាជ្យ ដូចដែលលោកលូបេត៍ បានលើកឡើងក្នុងសុន្ទរកថានោះ ឬមួយព្រះអង្គត្រូវគាំទ្រពួកអ្នកប្រជាធិបតេយ្យ ដែលមានគំនិតមិនចូលចិត្តព្រះអង្គ តែព្រះអង្គមានសមានចិត្តទៅលើពួកគេ ?

នៅទីបំផុត ព្រះអង្គសម្រេចព្រះទ័យអានព្រះសង្កថា ដែលរៀបរៀងដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ទៅវិញ ដោយព្រះសង្កថានោះ បានប្រកាសអំពាវនាវសូមឲ្យតំណាងជាន់ខ្ពស់របស់ប្រទេសបារាំង គឺលោកលូបេត៍ សូមកុំយកប្រទេសដែលពុំសូវមានអរិយធម៌ខ្ពង់ខ្ពស់នៅលើសកលលោក ដែលទើបទទួលបានឯករាជ្យថ្មីៗ មកប្រៀបធៀបជាមួយប្រទេសកម្ពុជាឲ្យសោះ ហើយការគ្រប់គ្រងរដ្ឋដែលខ្វះសមត្ថភាព គ្មានសណ្ដាប់ធ្នាប់ និងមានចន្លោះប្រហោងនោះ ក៏មិនអាចកើតមាននៅពេលដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យនោះបានដែរ ។

ខ្លឹមសារនៃព្រះរាជសង្កថានេះ បានជះឥទ្ធិពលដូចគ្រាប់បែកផ្ទុះឡើង ។ លោកម៉ាធឺវេត៍ ដែលជាទីប្រឹក្សារបស់ព្រះអង្គ មានការភ័ន្តភាំងស្រឡាំកាំងយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ព្រះអង្គបោះចោលនូវពង្រាងព្រះរាជសង្កថា ដែលលោកបានតាក់តែងនោះ ហើយបែរជាទៅយកព្រះរាជសង្កថា ដែលជាស្នាព្រះហស្ដផ្ទាល់របស់ព្រះអង្គមកថ្លែងក្នុងពិធីនោះ យ៉ាងដូច្នេះសោះ ។
ឯតំណាងជាន់ខ្ពស់របស់ប្រទេសបារាំង លោកលូបេត៍ វិញ ស្ទើរតែទប់កំហឹងក្រេវក្រោធមិនបាន ហើយមន្ត្រីបារាំងដែលចូលរួមទាំងប៉ុន្មាន ក៏មានការភ្ញាក់ផ្អើលគ្រប់គ្នាដែរ ។ ដោយឡែកពួកមន្ត្រីខ្មែរនាំគ្នាងាកមកខ្សឹបខ្សៀវគ្នាទៅវិញទៅមកក្នុងអារម្មណ៍ខុសប្លែកពីធម្មតា ។

មួយថ្ងៃក្រោយមក ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្រោយពីបានដឹងពីព្រឹត្តិការណ៍នេះ ក៏បាននាំគ្នាសម្ដែងនូវទឹកចិត្តសោមនស្ស និងកោតសរសើរចំពោះសេចក្ដីក្លាហានរបស់ព្រះមហាក្សត្រ ដោយក្ដីរំភើបរីករាយបំផុត ។ ចំណែកពួកអ្នកប្រជាធិបតេយ្យវិញ ក៏បានសុំចូលគាល់ព្រះអង្គ ដើម្បីថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដែរ ។ ឯពួកអ្នកចូលចិត្តរិះគន់ព្រះអង្គ ក៏បានឲ្យតម្លៃថា ថ្វីត្បិតតែព្រះអង្គចូលចិត្តក្រេបជញ្ជក់រសជាតិស្នេហាគ្មានព្រំដែន ក៏ពិតមែន តែពេលនេះព្រះអង្គបានប្រកាន់យកជំហរជាអ្នកស្នេហាជាតិ ដ៏មុតមាំគួរឲ្យកោតស្ញប់ស្ញែងបំផុត ។ តែទោះបីយ៉ាងនេះ ក៏ព្រះអង្គនៅតែទទួលស្គាល់ថា គំនិតរបស់លោកលូបេត៍ ក៏ជាការត្រឹមត្រូវម្យ៉ាងដែរ ៕