ទីក្រុងហាណូយ៖ អ្នកជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសវៀតណាម បានកើតឡើងចំពោះក្មេងស្រីម្នាក់ អាយុទើបតែបាន៣ខែថែមមួយករណីទៀតហើយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VNExpress កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

សារព័ត៌មានខាងលើបានឲ្យដឹងថា អ្នកជំងឺថ្មីជាទារិកាខាងលើ បានធ្វើឲ្យប្រទេសវៀតណាម មានករណីអ្នកឆ្លងជំងឺវីរុសកូរ៉ូណាថ្មីសរុប១៥នាក់ហើយ ហើយក្នុងនោះ នៅក្នុងខេត្ត Vinh Phuc តែមួយមានអ្នកឆ្លងជំងឺកូរ៉ូណាថ្មីនេះ រហូតដល់១០ករណី ។

បើតាមការឲ្យដឹងពីសាច់ញាតិរបស់ក្មេងស្រីខាងលើ បានប្រាប់អ្នកសារព័ត៌មានថា ក្មេងស្រីរូបនេះត្រូវបានសាច់ញាតិយកទៅលេងផ្ទះជីដូនរបស់គេ ដែលស្ថិតនៅក្នុងទីក្រុង Binh Xuyeng ខេត្ត Vinh Phuc ប្រទេសវៀតណាមមុនឆ្លងវីរុសខាងលើនេះ។ ប្រភពបានបន្តទៀតថា ស្ត្រីជាជីដូនរូបនោះបានឆ្លងជំងឺតគ្នាពីកូនស្រីរបស់គាត់ មានអាយុ២៣ឆ្នាំ ដែលជាកម្មករម្នាក់ត្រូវបានគេបញ្ជូនទៅបណ្តុះបណ្តាលនៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ភាគកណ្តាលប្រទេសចិន ក្នុងចំណោម៨នាក់ មុនពេលផ្ទុះវីរុសកូរ៉ូណាថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

ទោះជាយ៉ាងណាក្នុងចំណោមកម្មករដែលគេបញ្ជូនទៅបណ្តុះបណ្តាល នៅទីក្រុងវូហានប្រទេសចិន មានកម្មករ៦នាក់ត្រូវបានគេរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី ខណៈ២នាក់ទៀតកំពុងតែរងចាំលទ្ធផលធ្វើតេស្តិ៍ជាបន្តបន្ទាប់។ ហើយក្រោយពេលដែលជីដូនរបស់ក្មេងស្រី ត្រូវបានគេធ្វើតេស្តិ៍ចេញលទ្ធផលវិជ្ជមាន មានវីរុសកូរ៉ូណានោះ ក្មេងស្រីនិងម្តាយរបស់នាង ត្រូវបានគេយកទៅដាក់ឲ្យរស់នៅឆ្ងាយដាច់ពីគ្នា ព្រោះពួកគេបានទាក់ទងនិងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជាជីដូនរបស់គេនោះមក ។

រោគសញ្ញារបស់ក្មេងស្រីខាងលើ មានអការៈក្អក ប៉ុន្តែមិនមានផ្តាសាយនោះទេ ហើយលទ្ធផលតេស្តិ៍ឈាមបានរកឃើញថា នាងមានផ្ទុកវីរុសកូរ៉ូណាថ្មី nConV ប៉ុន្តែម្តាយរបស់នាងមានសុខភាពល្អធម្មតា ហើយត្រូវបានគេតម្រូវឲ្យរស់នៅដាច់ឆ្ងាយពីគេឯង នៅក្នុងមន្ទីរពេទ្យមួយ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តិ៍លំអិតផងដែរ ។

របាយការណ៍របស់បណ្តាញផ្សព្វផ្សាយវៀតណាម បានចេញផ្សាយឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺកូរ៉ូណាថ្មីសរុបចំនួន១៥នាក់ហើយ ដោយក្នុងនោះ៦នាក់ត្រូវបានគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងមានអាការៈធូរស្បើយច្រើនហើយ ៕