ទីក្រុង​ស៊ី​ន​យ៉ាង​,​ចិន ៖ រោងចក្រ​ជា​ច្រើន នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​នោះ ងាក​មក​ផលិត​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដើម្បី​បំពេញតម្រូវការ នា​ពេល​មានការ​ផ្ទុះ​ឡើង នៃ​វីរុស​កូ​រ៉ូ​ណា​ នេះបើតាមវេបសាយព័ត៌មានចិន ស៊ិនហួ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ រោងចក្រ​កាត់ដេរ​មួយ នៅ​ទីក្រុង Fushun ក្នុង​ខេត្ត Liaoning ភាគ​ខាងជើង​ប្រទេស​ចិន បាន​ទិញ​ក្រណាត់និង​វត្ថុធាតុដើម​ ចំនួន​១០​តោន ហើយ​ចាប់ផ្តើម​ផលិត​របាំងមុខ(​ម៉ាស​ពេទ្យ​)សម្រាប់​វេជ្ជសាស្ត្រ ។​

​ប្រធាន​រោងចក្រ​បាន​និយាយ​ថា “​កម្មករ​ប្រហែល​២០​នាក់ ក្នុង​រោងចក្រ​នេះ អាច​ផលិត​ម៉ាស បាន​ជាង​៥,០០០ ក្នុង​មួយ​ថ្ងៃ ។ របាំងមុខ​ទាំងនេះ រំពឹង​ថា នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ។​

​ទិន្នន័យ​ពី​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិចិន ហៅ​កាត់ NDRC ដែល​ជា​អ្នក​រៀបចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​របស់​ប្រទេស បាន​បង្ហាញ​ថា ប្រទេស​ចិន​ផលិត​ម៉ាស ពាក់កណ្តាល​នៃ​ពិភពលោក ជាមួយនឹង​ទិន្នផល​ ប្រចាំ​ថ្ងៃ​ចំនួន​២០​លានម៉ាស ប៉ុន្តែ​ចំនួន​នោះ នៅ​តែ​មិន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ពេល​នេះទេ ។​

​ដោយសារ«​ម៉ាស​» មិន​ស្មុគស្មាញ​ក្នុង​ការ​ផលិតផល ហើយ​អាច​ផលិត​បាន​ដោយ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ដែល​មាន​ស្រាប់ ដោយ​មិន​ចាំបាច់​កែ​លម្អ​ច្រើន​ទេ ប្រទេស​ចិនបាន​លើកទឹកចិត្ត​ដល់​រោងចក្រ ឱ្យ​ចូលរួម​ផលិត ម៉ាស​ការពារ ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់ ។​

​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ក្រុមហ៊ុន SGMW ផលិត​រថយន្ត ដែល​មាន​មូលដ្ឋាន នៅ​លី​ចូ​វ ក្នុង​តំបន់​ស្វយ័ត ក្វា​ង​ស៊ី ប្រទេស​ចិន បាន​ប្រកាស​ថា ខ្លួន​នឹង​កែ​លម្អ ខ្សែ​សង្វា​ក់​ផលិតកម្ម​ចំនួន​១៤ ដើម្បី​ផលិត​ម៉ាស N95 និង​ម៉ាស​ពេទ្យ​ផ្សេង​ទៀត ជាមួយនឹង​លទ្ធផលប្រចាំ​ថ្ងៃ ដែល​រំពឹង​ថា នឹង​កើនឡើង​ដល់​ជាង១,៧ លាន​ម៉ាស ។​

​ចំណែក​រោងចក្រ Foxconn មួយ​ក៏​បាន​ចាប់ផ្តើម​ផលិត​ម៉ាស នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ហើយ​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ ដើម្បី​បញ្ជាក់​គុណភាព នៃ​ផលិតផលខ្លួន ។​

អាជ្ញាធរ​ចិន ក្នុង​តំបន់​ជា​ច្រើន ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយគាំទ្រ ដូច​ជា​ការ​ឧបត្ថម្ភ​ធន​, មូលនិធិ​, និង​ការ​អនុម័ត​យ៉ាង​ឆាប់រហ័ស នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន រួម​នឹង​ការ​គាំទ្រ​កម្លាំង​ពលកម្ម ដើម្បី​ជួយ​រោងចក្រ​ផ្លាស់​ប្តូរ​ផលិតកម្ម​ខ្លួន ទៅ​ផលិត​​​ឧបករណ៍ ​សម្រាប់វេជ្ជសាស្ត្រ​ ។​

​កាលពី​៥​ឆ្នាំ​មុន ក្រុមហ៊ុន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​មួយ នៅ​ទីក្រុង​សិន​យ៉ាង ភាគ​ខាងជើង នៃ​ប្រទេស​ចិន បាន​បិទ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន សម្រាប់​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដោយសារ​តែ​ការ​គ្រប់គ្រង​មិនល្អ ។ បន្ទាប់​ពី​ដឹង​ថា ក្រុមហ៊ុន​នៅ​តែ​រក្សា​ទុក​ឧបករណ៍ និង​រោងចក្រ រដ្ឋាភិបាល​ចិន បាន​ជួយ​ឱ្យ​ខ្លួន ចុះបញ្ជី​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ និង​បាន​បែងចែក ថវិកា​ដើម្បី​ជួយ​ដល់​ការ​ផលិត​ឡើង​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ។​

​លោក ហ្គៅ វៃ អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ខាងលើ បាន​មាន​ប្រសាសន៍​ថា “​ឥឡូវនេះ យើង​អាច​ផលិត​ម៉ាស​ការពារ សម្រាប់​វេជ្ជសាស្ត្រ ចំនួន​២០,០០០​ម៉ាស​ក្នុង​មួយ​ថ្ងៃ ហើយ​ទិន្នផល​ប្រចាំ​ថ្ងៃ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើន​ដល់ ២២០.០០០ ម៉ាស នៅ​ពេល​ខ្សែ​ផលិតកម្ម​ថ្មី អាច​ដំណើរ​បាន​ក្នុង​រយៈពេល​ប្រហែល​២០​ថ្ងៃ​ទៀត ។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​ផលិត​មួយ​ចំនួន បាន​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​ភាព​លើសលុប បន្ទាប់​ពី​សន្ទុះ​នៃ​ការ​ផលិតមានការ​កើនឡើងច្រើន ។ ជា​ការ​ឆ្លើយ​តប លោក Lian Weiliang អនុប្រធាន NDRC មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចិន នឹង​ក្លាយជា​អ្នកទិញ​ចុង​ក្រោយ ប្រសិនបើ ទីផ្សារ​មិន​អាច​ទទួល​ទិញ​ផលិតផល​ទាំង​អស់នេះ (បើលក់សល់ ​រដ្ឋជាអ្នកទិញយកទាំងអស់​) ។​

​អគ្គលេខាធិការ​រង NDRC បានឱ្យ​ដឹង​ថា សមត្ថភាព​ផលិត​ម៉ាស​ពេទ្យ ជាង​៧៦​ភាគរយ នៅ​ក្នុង​ខេត្ត​ចំនួន​២២ របស់​ប្រទេស​ចិន ចាប់ផ្តើម​សម្រុក​ផលិត​ឡើង​វិញ ចាប់ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែកុម្ភៈ​នេះ ៕