ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ១៩៤៧ គឺជាថ្ងៃព្រះរាជពិធីបុណ្យខួប២៥វស្សារបស់ព្រះមហាក្សត្រ នរោត្តម សីហនុ ។ ក្នុងឱកាសនោះ លោក លូបេត៍ ស្នងការជាន់ខ្ពស់នៃសារធារណរដ្ឋបារាំង បានអញ្ចើញមកជាកិត្តិយស និងថ្លែងសុន្ទរកថា ថ្វាយព្រះពរដល់ព្រះមហាក្សត្រ ។
តាមទម្លាប់តំណាងប្រទេសបារាំង ដែលត្រូវមកចូលរួមក្នុងពិធីនេះ ត្រូវផ្ញើខ្លឹមសារទាំងស្រុងនៃសុន្ទរកថានោះមកថ្វាយព្រះមហាក្សត្រជាមុនសិន ដើម្បីទុកឱកាសថ្វាយព្រះអង្គទត និងពិចារណាលើខ្លឹមសារសុន្ទរកថានោះជាមុនសិន ដើម្បីរៀបចំព្រះរាជសង្កថាឆ្លើយតបទៅតំណាងប្រទេសបារាំងវិញ ឱ្យបានសមស្របទៅនិងខ្លឹមសារនៃសុន្ទរកថានោះ ។

ព្រះមហាក្សត្រ នរោត្តម សីហនុ ជាមួយមន្រ្ដីជាន់ខ្ពស់បារាំង

ពេលនោះខ្លឹមសារសុន្ទរកថារបស់លោកលូបេត៍ បានបង្ហាញឱ្យឃើញពីការខឹងសម្បាររបស់លោកចំពោះខ្លឹមសារអត្ថបទទាំងឡាយរបស់មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលចុះផ្សាយលើទំព័រកាសែតរបស់ពួកគេទៅវិញ ។ លោកលូបេត៍ ចាត់ទុកថាអត្ថបទទាំងនោះថាជាអំពើវិទ្ធង្សនារបស់ពួកអ្នកប្រជាធិបតេយ្យ ដែលបានសរសេរដៀលត្មេះប្រទេសបារាំងថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហើយ បារាំងនៅតែធ្វើអាណានិគមលើកម្ពុជាបន្តទៀត ខណៈដែលប្រទេសអង់គ្លេស បានប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌា និងភូមា ទៅហើយនោះ ប្រទេសអង់គ្លេស មិនធ្វើដូចបារាំង ទេ ។
សុន្ទរកថារបស់លោកលូបេត៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងលែងមានការអភិវឌ្ឍន៍តទៅទៀត ហើយសកម្មភាពអនាធិបតេយ្យនឹងកាន់តែរីករាយឡើង ប្រសិនបើបារាំងប្រគល់ឯករាជ្យឱ្យកម្ពុជាវិញ ក្នុងពេលប្រទេសនេះមិនទាន់បានរចនាសម្ព័ន្ធគ្រប់គ្រងផ្នែកស៊ីវិល និងយោធាដែលពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងពុំទាន់មានអ្នកបច្ចេកទេសជំនាញៗក្នុងការកសាងប្រទេសនៅឡើយនោះ ។

អៀវ កើស ប្រធានគណបក្សប្រជាធិបតេយ្យ បន្តវេនពីព្រះអង្គម្ចាស់ ស៊ី សុវត្ថិយុត្តិវង្ស

លោកម៉ាធឺវេត៍ ជនជាតិបារាំង ជាទីប្រឹក្សារបស់ព្រះមហាក្សត្រ បានតាក់តែងពង្រាងព្រះរាជសង្កថាមួយថ្វាយព្រះមហាក្សត្រ ដើម្បីជាការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោកលូបេត៍ នៅក្នុងព្រះរាជពិធីខួបព្រះជន្មទី២៥របស់ព្រះអង្គនោះ ។ តែពង្រាងព្រះសង្កថានេះ បានធ្វើឱ្យ ព្រះអង្គខ្វល់ខ្វាយ និងរារែកព្រះទ័យបំផុត ព្រោះរំលេចដោយខ្លឹមសារថា ព្រះអង្គត្រូវគាំទ្រ និងរក្សាទុកប្រទេសជាតិរបស់ព្រះអង្គ ឲ្យបារាំងបន្តធ្វើជាអាណាព្យាបាលបន្តទៀត និងប្រឆាំងពួកអ្នកប្រជាធិបតេយ្យដែលកំពុងលេងល្បែងប្រជាភិថុតមួយគួរឱ្យស្អប់ខ្ពើម ដោយពួកគេគ្រាន់តែស្រែកទាមទារឯករាជ្យតាមរយៈអត្ថបទដែលចុះផ្សាយលើទំព័រកាសែតរបស់ពួកគេប៉ុណ្ណោះ តែមិនហ៊ានចេញមុខជាផ្លូវការក្នុងពេលដែលពួកគេកំពុងកាន់អំណាចនៅក្នុងដៃទៅហើយនោះ ៕