ប៉េ​តាំង ៖ អង្គការ​សុខភាព​ពិភពលោក ប្រើ​ពេល​ជិត​ពី​រស​ប្តា​ហ៍ ទម្រាំ​ទទួល​បានការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ចិន បង្កើតក្រុម​អ្នកជំនាញ​រួមគ្នា អាច​ចេញ​ទៅ​បំពេញបេសកកម្មចូល​ទៅ​ធ្វើការ​ស៊ើប​អង្កេត​កូរ៉ូណាវីរុស នៅ​ផ្ទាល់​កន្លែង ដែល​ដឹកនាំ​ដោយ​លោក Bruce Aylward ជនជាតិ​កា​ណា​ដា ដែល​មាន​ជំនាញ​ផ្នែក​រោគរាតត្បាត ធ្លាប់​ល្បីឈ្មោះ​ខ្លាំង​ក្នុង​ការ​ដឹកនាំ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេ​បូ​ឡា នៅ​អាហ្វ្រិក ។​

​ក្រុម​អ្នកជំនាញ​បាន​ទៅ​ដល់​ក្រុង​វូ​ហាន នៅ​ថ្ងៃ​ចន្ទ​ទី ១០​កុម្ភៈ​នេះ នឹង​ផ្តល់​ជា​យោបល់​ស្តី​ពី​ការ​ការពារ និង​ត្រួតពិនិត្យ​រួម​គ្នា នៃ​ការ​ឆ្លង​វីរុស​នេះ ចំពោះ​ប្រទេស​ចិន និង​ជំហាន​បន្ទាប់ ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដទៃ​ទៀត ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ជាតិចិន លោក Mi Feng បាន​និយាយ​ថា ប្រទេស​ចិន និង​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​បង្កើត​ក្រុម​អ្នកជំនាញ​រួម​គ្នា ដើម្បី​ធ្វើការ​ពិភាក្សា​ស៊ីជម្រៅ និង​វាយតម្លៃ​លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ថ្មី បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​នេះ ។​

​លោក Mi Feng បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ប៉េ​កាំ​ង អោយ​ដឹង​ថា យើង​ស្វាគមន៍​អ្នកជំនាញ​អន្តរជាតិ រួម​ទាំង​អ្នក​មក​ពី​សហរដ្ឋអាមេរិក អនុញ្ញាតិ​ឲ្យ​ចូលរួម​ក្នុង​ក្រុម​អ្នកជំនាញ​រួម​គ្នា​នេះ ។​

​លោក​បាន​បន្ថែម​ថា ការ​រៀបចំ​សម​ស្រប​សម្រាប់​ក្រុម​នេះ នឹង​ត្រូវធ្វើ​ឡើង បន្ទាប់​ពី​មានការ​ពិគ្រោះ​យោបល់​និង​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ហ្មត់ចត់ ។​

​គួរជម្រាបថា ក្រុម​អ្នកជំនាញ​អន្តរជាតិ​+​ចិន ​សម្រា​ប់​បេសកកម្ម​នៅ​វូ​ហាន​នេះ ត្រូវ​ស្រាវជ្រាវ​អង្កេត​អំពី​មេរោគ​កូ​រ៉ូ​ណាប្រភេទ​ថ្មីនេះ មានប្រភព​ចម្លង​ដំបូង​ចេញ​មកពីណា ? ក្រុម​អ្នកជំនាញ​អង្គការសហប្រជាជាតិ ក៏​នឹង​ត្រូវ​សិក្សា​វាយតម្លៃ ថា​តើ​វិធានការ​របស់​រដ្ឋាភិបាល​ចិន ពិសេសចំណាត់ការ​បិទ​ទីក្រុង​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត មាន​ផល​ប៉ះពាល់ និង​ប្រសិទ្ធភាព​យ៉ាងណា ? ព្រោះថា ក្នុង​រយៈពេល​បួន​ថ្ងៃ​ជាប់​គ្នា​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​ថ្មី កើនឡើង​ក្នុង​បរិមាណ​ថេរ ។ ដូច្នេះ​វា​ជា​ដំណឹង​ល្អ បញ្ជាក់​អំពី​ប្រសិទ្ធភាព នៃ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន ។ ស្របគ្នា​ទៅ​នឹង​រយៈពេល​សំងំ​របស់​វីរុស​ថ្មី និង​បើ​វិធានការ​បំបែក​អ្នកមាន​ផ្ទុកមេរោគ ដោយឡែក​ពី​គេ មាន​ប្រសិទ្ធភាព​មែន នោះ​គេ​នឹង​អាច​សង្ឃឹម​បាន​ថា ការ​រីក​រាលដាល នៃ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នឹង​ចាប់​ថយ​ចុះ​នៅ​ចុងខែ ។ ផ្ទុយទៅវិញ ប្រសិនបើ​វិធានការ​ពុំ​មាន​ប្រសិទ្ធភាព​ទេ នោះ​ការ​រាលដាល​នឹង​ស្ទុះ​ឡើង​វិញ ៕