ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានតែជា ៦-៧ខែ ស្រាប់តែទ្រង់ធ្លាក់ខ្លួនមានជំងឺរបេងយ៉ាងធ្ងន់ធ្ងរ ហើយបើទោះបីគ្រូពេទ្យជំនាញៗព្យាយាមព្យាបាលអស់ពីសមត្ថភាពយ៉ាងណា នៅតែមិនអាចជួយសង្គ្រោះព្រះជន្មទ្រង់បានដែរ ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ក៏បានសុគតនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៧ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ ក្នុងព្រះជន្មាយុ ៣៤ព្រះវស្សា ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ប្រសូតនៅក្នុងឆ្នាំ១៩១៣ នៅអតីតវាំងចាស់នៅឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទ្រង់ជារាជបុត្រារបស់ព្រះអង្គម្ចាស់ចម្រើនវង្ស (១៨៧០-១៩១៦) និងម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ យប់ហ៊ីផាន (១៨៧៧-១៩៦៧) ។ ទ្រង់បានទៅរស់នៅប្រទេសបារាំង រយៈពេល១៥ឆ្នាំ និងបានប្រឡងជាប់សញ្ញាបត្រថ្នាក់បណ្ឌិតគណិតវិទ្យា នៅឆ្នាំ ១៩៤១ ។
ទោះបីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយសារជំងឺរបេង ក៍ពិតមែន តែមន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះ បានចាត់ទុកថា នេះជាអំពើឃាតកម្មនយោបាយដែរ ។

ព្រះមហាក្សត្រនរោត្ដម សីហនុ

ពីរសប្ដាហ៍ក្រោយមក ដោយមានព្រះរាជតំរិះរបស់ព្រះមហាក្សត្រនរោត្ដម សីហនុ ផងដែរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ១៩៤៧ រាជរដ្ឋាភិបាលថ្មីមួយទៀត ក៏ត្រូវបង្កើតឡើងដោយមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ដែលមុននេះជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវតំឡើងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកសឺន សាន ពីមុនជារដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ត្រូវដំឡើងជាឧបនាយករដ្ឋមន្ត្រី ,លោកប៉ែន នុត ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកទីក្រុងភ្នំពេញដដែល ,លោកអូ ឈឺន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , លោកហាក់ មុងសេង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ , លោកសុន វ៉ឺនសៃ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ , លោក ប៉ែន សំអែល ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ , លោកប្រាក់ សារិន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណការ និងគមនាគមន៍ , លោកអ៊ុក ធុច ជារដ្ឋមន្ត្រីធម្មការ និងវិចិត្រសិល្បៈ និងលោក ហ៊ុយ កន្ធុល ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសង្គមកិច្ច ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស(ខាងស្ដាំដៃ)

រាជរដ្ឋាភិបាលថ្មីនេះ មានការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួន និងធ្វើការកែសម្រួលក្រសួងមួយចំនួនផងដែរ ។ ដោយសារតែឃើញថា ព្រះមហាក្សត្រនរោត្ដមសីហនុ ហាក់ដូចជាមានអំណាចគួរសមក្នុងការតែងតាំងរាជរដ្ឋាភិបាលថ្មីនេះ ក៏មានពួកមន្ត្រីធំៗមួយចំនួន និងភាគច្រើនជាជំទាវៗដែលខានឃើញចូលព្រះបរមរាជវាំង៦-៧ ខែមកហើយនោះ ចាប់ផ្ដើមនាំគ្នាចេញចូលព្រះបរមរាជវាំង ដើម្បីក្រាបថ្វាយបង្គំសម្ដែងការគួរសមចំពោះម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ កុសុមៈ ដែលជាព្រះមាតាព្រះមហាក្សត្រ ដើម្បីយកគាប់គួរជាហូរហែម្នាក់ម្ដង ដូចខ្យងបណ្ដាក់គ្នា ហើយរឹតតែឱនលំទោន និងនិយាយបញ្ជោរបូបាច់ចំពោះព្រះមាតាព្រះមហាក្សត្រ ផ្អែមល្ហែមជាងពេលមុនទៀត ៕