ភ្នំពេញ៖ បន្ទាប់ពី Facebook មួយបានយករូបលោកស្រីទៅប្រើប្រាស់ក្នុង Profile បង្ហោះព័ត៌មានបំភ្លៃការពិតថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត១០០ នាក់ហើយមក លោកស្រី ហេង សុខគង់ ភរិយារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញមុខបដិសេធ ភ្លាមៗ ព្រមទាំងព្រមានប្តឹង Facebook មួយនោះទៀតផង។
កាលពីថ្មីៗនេះ Facebook មួយដែលមានគណនីឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» បានលួចយករូបថតរបស់លោកស្រីហេង សុខគង់ ទៅកាត់តដាក់នៅលើ Profile ហើយថែមទាំងបាន បង្ហោះព័ត៌មានប្រជាភិថុតខុសការពិត និងមាននិន្នាការលំអៀងទៅរកអតីតគណបក្សប្រឆាំងជាដើម ពិសេសចុងក្រោយនេះ Facebook មួយដែលមានឈ្មោះថា «ព័ត៌មានពិត ពីកម្ពុជា» ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត១០០ នាក់ហើយ។
លោកស្រី ហេង សុខគង់ បានបញ្ជាក់ថា៖ «នាងខ្ញុំសូមបដិសេធយ៉ាងដាច់អហង្កា (ជាលើកទី២) មិនទទួលខុសត្រូវចំពោះសកម្មភាពការ Post ឬសរសេរខ្លឹមសារផ្សេងៗ របស់គណនីខាងលើនេះ ដែលធ្វើឲ្យមានការភាន់ច្រឡំជាមួយនឹងគណនីពិតរបស់នាងខ្ញុំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារយើងខ្ញុំផងដែរ ហើយជាក់ស្តែងណនីខាងលើនេះ នៅតែបន្តយករូបនាងខ្ញុំដាក់លើ Profile របស់ខ្លួនរហូតមក»។
លោកស្រីបានទាមទារឱ្យ Facebook ដែលមានឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ត្រូវលុបរូបថតរបស់លោកស្រីចេញពី Account Facebook នេះឱ្យអស់ជាបន្ទាន់។ លោកស្រីនឹងបន្តដាក់ពាក្យប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីពិនិត្យស្រាវជ្រាវ រកជនបង្កខាងលើ មកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុង Page នោះគឺក្នុងគោលបំណងបង្កឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយសមត្ថកិច្ចជំនាញ បាននិងកំពុងចាត់វិធានការស្រាវជ្រាវរកជនក្លែងបន្លំPage នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕