ប្រទេសចិន៖ ក្មេងស្រីម្នាក់ ទើបតែមានអាយុ១៥ឆ្នាំសោះ តែស្បែកមុខរបស់នាងយាររយាកដូចយាយអាយុ៦០ឆ្នាំ ធ្វើឲ្យរូបនាងមានចិត្តខ្មាសមិត្តភក្តិ និងមនុស្សនៅជុំវិញជាខ្លាំង រហូតត្រូវបង្ខំចិត្តឈប់រៀនទៀតផង ។ តែយ៉ាងណា ក្រោយពីនាងសម្រេចចិត្តទៅកែសម្ផស្សរួចរាល់ ធ្វើឲ្យនាងក្លាយទៅជាមនុស្សមួយថ្មីចែស ដោយមានរូបសម្រស់ស្រស់ស្អាតបវរកញ្ញាសុំខ្មាស។

កុមារីវ័យ១៥ឆ្នាំ តែមុខដូចយាយចាស់អាយុ៦០ឆ្នាំ នេះ មានឈ្មោះ Xiaofeng រស់នៅទីក្រុងឡេវនីង ប្រទេសចិន ដែលបានទទួលរងពីស្ថានភាពជំងឺដ៏កម្រមួយ ធ្វើឱ្យនាងមើលទៅដូចជាស្ត្រីនៅអាយុ៦០ឆ្នាំ ។ ស្ថានភាពរបស់នាងនៅពេលនេះ ធ្វើឲ្យមិត្តភក្តិ អ្នកជិតខាងនាំគ្នាហៅនាងថា“ មីង” ឬ“ យាយ” ដែលធ្វើឱ្យនាងពិបាកចិត្ត និងខ្មាសគេជាខ្លាំង រហូតបង្ខំចិត្តបោះបង់ការសិក្សា ដោយសម្ងំនៅតែក្នុងផ្ទះតែប៉ុណ្ណោះ។

ក្រោយពីនាង Xiaofeng ជួបប្រទះជំងឺដ៏សែនអាក្រក់នេះ បានធ្វើឲ្យមនុស្សរាប់លាននាក់មានក្តីអាណិតអាសូរ ព្រមទាំងបានបរិច្ចាគប្រាក់សម្រាប់ធ្វើការវះកាត់កែសម្ផស្ស ហើយកាលពីខែធ្នូ នាង Xiaofeng បានធ្វើការវះកាត់កែសម្ផស្ស ក្នុងតម្លៃ៥០០ ០០០យ័ន ស្មើនឹង៧២ ០០០ ដុល្លារ ប៉ុន្តែលោក Shi Lingzhi នាយកមន្ទីរពេទ្យវះកាត់ Shenyang Sunline ក៏បានសម្រេចចិត្តជួយនាង Xiaofeng ខ្លះដែរ ដោយគ្រាន់តែឲ្យនាងចំណាយប្រាក់៧០ភាគរយ នៃថ្លៃសេវា។

ក្រោយពីក្រុមគ្រូពេទ្យជំនាញ ធ្វើការវះកាត់រួច នៅពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ទើបតែកន្លងផុតហើយថ្មីៗនេះ នាង Xiaofeng បានបង្ហាញលទ្ធផលនៃការវះកាត់ទៅកាន់ពិភពលោកមានការភ្ញាក់ផ្អើល ដោយសម្រស់របស់នាងស្រស់ស្អាតតែមែន មិនចាញ់បវរកញ្ញាឡើយ។

នាង Xiaofeng និយាយប្រាប់ទៅមហាជននៅពេលនោះថា នាងពិតជាសប្បាយចិត្ត និងរំជួលចិត្តណាស់ ព្រោះនាងមានសម្រស់ស្រស់ស្អាត និងមានទំនុកចិត្តខ្លាំងណាស់ ក្រោយធ្វើការវះកាត់កែសម្ផស្ស ហើយនឹងចូលរៀនវិញ ព្រោះក្តីស្រមៃរបស់នាងនៅថ្ងៃអនាគតចង់ក្លាយជាវេជ្ជបណ្ឌិត៕