ភ្នំពេញ​ ៖ លោក លី សូ​វ៉ា​ន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល សូម​ប្រកាស​ច្រានចោល​នូវ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា ការ​ដួល​សន្លប់របស់ជនបរទេស​ម្នាក​នេះ មិនមែន​បណ្តាល​មក​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​ នោះទេ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកអោយដឹង​ថា ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ជន​រង​គ្រោះ​ រួចមក ឃើញ​ថា បុរសជនបរទេស​រូប​នេះ ​មិន​មានការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា​ទេ ដោយ​កម្តៅ​ខ្លួន​របស់​គាត់​ធម្មតា​ ។ ការ​ដួល​សន្លប់​របស់​គាត់​នេះ អាច​បណ្តាល​មក​ពី​ខ្យល់គរ តែប៉ុណ្ណោះ ​។ យ៉ាងណា បុរស​ដែល​ដួល​សន្លប់​នោះ គឺជនជាតិ​ឥណ្ឌា​កាត់​អង់គ្លេសត្រូវបានសមត្ថកិច្ច​ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រ៉ូ​យា​ល់​រតនៈ បន្ទាប់​ពី​ឃើញ​ដួល​សន្លប់​ ។

សូម​ជម្រាបថា នៅ​វេលា​ម៉ោង​ប្រមាណ​៩និង៣០​នាទី​ព្រឹកថ្ងៃ​ទី​៩ កុម្ភៈនេះ មានការភ្ញាក់ផ្អើលមួយ ដោយមាន​ជនបរទេស​ម្នាក់ បាន​ដួល​សន្លប់ ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាហេតុធ្វើឱ្យ​សាធារណជន​នៅក្បែរនោះ​ ថត​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​បំភ្លៃ​ថា​ជា​ជំងឺ​កូ​រ៉ូ​ណា​ ៕