ព្រោះតែឥទ្ធិពលនៃវីរុសកូរ៉ូណា ពិធីមង្គលការមួយត្រូវបានបង្ខំចិត្ត រៀបចំឡើងតាមអនឡាញ ដោយគ្មានវត្តមានកូនក្រមុំនិងកូនកំលោះនៅក្នុងរោងការ បង្កឲ្យមានការភ្ញាក់ផ្អើលជាទីបំផុត។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ បានបញ្ជាក់ថា កូនក្រមុំនិងកូនកំលោះគឺជាជនជាតិសឹង្ហបុរី ហើយពួកគេបានកំណត់ថ្ងៃរៀបការ និងជូនលិខិតអញ្ជើញភ្ញៀវ កក់សណ្ឋាគារ និងរៀបចំអ្វីៗគ្រប់យ៉ាង សម្រាប់រៀបការរួចរាល់អស់ហើយ តាំងពីមុនផ្ទុះការរាតត្បាតនៃវីរុសកូរ៉ូណាម្ល៉េះ។ ប៉ុន្ដែកាលពីពេលចូលឆ្នាំចិនកន្លងទៅនេះ ពួកគេធ្វើដំណើរទៅកាន់ខេត្ត Hunan ប្រទេសចិន ដើម្បីទៅលេងម្តាយរបស់កូនកំលោះ ដែលកំពុងស្នាក់នៅទីនោះ ស្រាប់តែមានវីរុសកូរ៉ូណាបានផ្ទុះឡើង ហើយពួកគេទាំងពីរនាក់ ក៏ត្រូវបានគេសង្ស័យថា បានឆ្លងនូវមេរោគនេះ។

ដំណោះស្រាយបន្ទាន់ គឺពួកគេត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ ១៤ថ្ងៃសិន គឺចំថ្ងៃកំណត់ពិធីមង្គលការនោះតែម្ដង តែពួកគេមិនលុបចោលកម្មវិធីទេ គឺបង្ខំចិត្តរៀបចំពិធីមង្គលការតាមអនឡាញ ដោយគ្មានវត្តមានកូនក្រមុំនិងកូនកំលោះ នៅក្នុងរោងការ ដោយបានត្រឹមតែ live វីដេអូ មកស្វាគមន៍ភ្ញៀវពីចំងាយប៉ុណ្ណោះ ហើយភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការតាមអនឡាញ ដោយគ្មានវត្តមានកូនក្រមុំនិងកូនកំលោះ នៅក្នុងរោងការនោះ គឺមានតែបងប្អូនបង្កើតរបស់កូនកំលោះកូនក្រមុំប៉ុណ្ណោះ៕