បាងកក៖ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) រដ្ឋមន្រ្តីសុខាភិបាលថៃ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក ដើម្បីសុំទោសចំពោះអ្វីដែលលោកបានលើកឡើងថា៖ «ក្រុមភ្ញៀវទេសចរបរទេសមួយចំនួនគួរតែត្រូវបណ្តេញពីប្រទេសថៃ ដោយសារតែមិនព្រមពាក់ម៉ាស» ខណៈអាជ្ញាធរថៃកំពុងពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កាលពីថ្ងៃសុក្រម្សិលមិញ អំឡុងយុទ្ធនាការចែកម៉ាស់នៅស្ថានីយរថភ្លើងលើអាកាសមួយកន្លែង លោក Anutin បាននិយាយថា៖ «ភ្ញៀវទេសចរមកពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន មិនព្រមយកម៉ាស ហើយធ្វើឬកដូចជាមិនខ្វល់អ្វីទាល់តែសោះ… ចំពោះក្រុមមនុស្សបែបនេះ យើងគួរតែបណ្ដេញពួកគេចេញពីប្រទេសថៃ ព្រោះពួកគេអាចបង្កហានិភ័យដល់អ្នកដទៃ នៅចំពោះមុខការរីករាលនៃវីរុសកូរ៉ូណាប្រភេទថ្មី»។

ពេលនេះ លោក Anutin រដ្ឋមន្រ្តីសុខាភិបាលថៃ បានបង្ហោះសារលើ Facebook ដើម្បីសុំទោសវិញ ដោយសារពេលនោះធ្វើឲ្យលោកខឹងខ្លាំងពេក ហើយលោកក៏បានអរគុណចំពោះជនបរទេសទាំងឡាយ ដែលបានសហការនាពេលកន្លងមកផងដែរ ។
គួរជម្រាបថា ចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃគឺ ២៥ករណី ខណៈមួយចំនួនបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យរួចទៅហើយ៕