បន្ទាយមានជ័យ៖ កម្មករកម្មការិនី ប្រមាណ១.០០០នាក់ ផ្ទុះការតវ៉ាប្រឆាំងនឹងអ្នកគ្រប់គ្រងផ្នែកទូទៅ ,ប្រធានផ្នែករដ្ឋបាល និងប្រធានផ្នែកគណនេយ្យ ដោយបានចោទប្រកាន់ថាអ្នកទាំង៣នាក់នេះបានរំលោភសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សលើកម្មករជាខ្លាំងទាំងផ្លូវកាយផ្លូវចិត្តទាំងការហូបចុក ,ការចូលបង្គន់,ការផឹកទឹក… ជាដើម។

បាតុកម្មតវ៉ានេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខរោងចក្ររបស់ក្រុមហ៊ុនស៊ីសុផុនហុងសេង ស្ព័តវ៉ែរ ផលិតសម្លៀកបំពាក់កីឡា ស្ថិតនៅតាមបណ្ដោយវិថី៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
មន្រ្តីរោងចក្រផលិតសម្លៀកបំពាក់កីឡា ទាំង៣នាក់ដែលកម្មករកម្មការិនី ធ្វើបាតុកម្មតវ៉ានេះ រួមមាន៖ ទី១ឈ្មោះតាលេក ជាជនជាតិថៃ អ្នកគ្រប់គ្រងទូទៅរបស់រោងចក្រ ទី២ឈ្មោះសម្បត្តិ ជនជាតិខ្មែរ ប្រធានផ្នែករដ្ឋបាល និងទី៣ឈ្មោះយាយតី ជនជាតិខ្មែរ ប្រធានផ្នែកគណនេយ្យ។

កម្មករកម្មការិនី បានឱ្យដឹងថា មន្រ្តីរោងចក្រទាំង៣នាក់នេះ រំលោភសិទ្ធិកម្មករកម្មការិនីខ្លាំងពេក ទើបពួកគេទ្រាំមិនបាន ក៍នាំគ្នាធ្វើបាតុកម្មសុំឲ្យថៅកែដកអ្នកទាំង៣នាក់នេះចេញ។
ជាមួយគ្នានេះកម្មករកម្មការិនី ក៍បានថ្លែងថា ពួកគេអរគុណនិយោជក(ថៅកែ) និងម្ចាស់ភាគហ៊ុនដែលបានបោះទុនបង្កើតរោងចក្រនិងផ្តល់ការងារឲ្យពួកគេបានធ្វើការនៅជិតផ្ទះសម្បែង ព្រមទាំងផ្តល់នូវផលប្រយោជន៍និងលក្ខខណ្ឌងាយស្រួលដល់ពួកគេ។ ប៉ុន្តែពួកគេផ្ទុះបាតុកម្មនេះគឺសុំឱ្យថៅកែរោងចក្រដកឈ្មោះតាលេក ជាជនជាតិថៃ អ្នកគ្រប់គ្រងទូទៅរបស់រោងចក្រ , ឈ្មោះសម្បត្តិ ជនជាតិខ្មែរ ប្រធានផ្នែករដ្ឋបាល និងឈ្មោះយាយតី ជនជាតិខ្មែរ ចេញ និងសុំឱ្យថៅកែជួយដោះស្រាយបញ្ហាចំនួន៧ចំណុច៖

១.សុំឱ្យថៅកែផាកឡន ។ ២.ស្កែនមេដៃកម្មកម្មករមិនទាន់ឱ្យកាត់តែ២ដុល្លារបានហើយ។ ៣.សម្រាប់ថ្ងៃទី៣១ផង។ ៤.ស្នើបន្ថែមកន្លែងផឹកទឹក។ ៥.សុំពេលម៉ោងសំរាកពីការងារឲ្យបានទៀងទាត់។ ៦.សុំកុំបង្ខំពេកឲ្យកម្មករស្កែនមេដៃ និង៧.សុំសម្រាកមុនម៉ោង១០នាទី។

ជាមួយគ្នានេះ សុំថៅកែរោងចក្រគិតលុយថ្លៃប្រាក់ឈ្នួលលើសម៉ោងទើបកម្មករមានកម្លាំងធ្វើការ។ លុយឈប់សម្រាកប្រចាំឆ្នាំមានចំនួន១៨ថ្ងៃបើកម្មករនៅតែធ្វើជាប់ថៅកែត្រូវផ្តល់ប្រាក់ឲ្យកម្មករ១៩៧ដុល្លារ ក្នុង១ឆ្នាំតែឆ្នាំនេះថៅកែអត់គិតឱ្យទេ។
ពេលការតវ៉ានោះ គេឃើញលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោករស់ សារុំ ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានចុះទៅសម្របសម្រួល និងសន្យាថានឹងយកបញ្ហាកង្វល់របស់កម្មករកម្មការិនីទៅដោះស្រាយជាមួយថៅកែរោងចក្រ ៕