ភ្នំពេញ៖ ជនសង្ស័យជាមន្រ្តីយោធា ដែលយកកាំភ្លើងអាកាមកបាញ់រះចំនួន០៦គ្រាប់ នៅហាងម៉ាស្សា រួចគេចខ្លួនបាត់ជាច្រើនថ្ងៃ ទើបសមត្ថកិច្ចអាវុធហត្ថតាមចាប់បាននោះ បានឲ្យដឹងថា ដើមហេតុដំបូង មកពីនារីម៉ាស្សាខ្ទើយ ស្ទាបអង្អែលខ្លួនព្រមទាំងលូកដៃ ចាប់ប្រដាប់ភេទរបស់គាត់ តែគាត់បានហាមឲ្យឈប់មិនព្រមស្ដាប់ ។ ជនសង្ស័យដែលបាញ់បោះសេរីរូបនេះ ឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា តែសមត្ថកិច្ចមិនបានបញ្ជាក់ថា នៅអង្គភាពណានោះទេ។

បើតាមសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបំភ្លឺថា ថ្ងៃកើតហេតុ រូបគេបានទៅកោសខ្យល់នៅហាងម៉ាស្សា លីលី ពេលចូលដល់ក្នុងបន្ទប់ រូបគេបានដោះអាវឲ្យគេកោសខ្យល់ ស្រាប់តែនារីកោសខ្យល់ ដែលចូលក្នុងបន្ទប់ជាមួយនោះ ស្ទាបអង្អែលខ្លួនប្រាណនិងលូកដៃចាប់ប្រដាប់ភេទ រូបគេក៏មើលមុខនារីនោះដឹងថា ជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) ក៏ហាមឲ្យឈប់ស្ទាបអង្អែលខ្លួនប្រាណ និងលូកដៃចាប់ប្រដាប់ភេទរូបគេទៀត និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយ ប្រតប់គ្នា ដាច់ឡេវអាវរហែកព្ រមទាំងដាច់សាច់បំពង់ក ព្រោះតែនារីខ្ទើយនោះខ្វាចនឹងក្រចក។

ក្រោយពីការប្រតាយប្រតប់គ្នារួច រូបគេខឹងជាខ្លាំង ក៏បានចេញក្រៅបន្ទប់ បម្រុងយកម៉ូតូពីកន្លែងកើតហេតុ តែអ្នកនៅហាងមិនព្រមឲ្យយកម៉ូតូចេញ ហើយទាមទារលុយចំនួន១០ម៉ឺនរៀល តែរូបគេសុំសម្រួល ត្រឹម១ម៉ឺន៥ពាន់រៀល ប៉ុន្តែអ្នកនៅហាងម៉ាស្សាមិនព្រម ទើបរូបគេខឹងខ្លាំង ក៏សម្រេចចិត្តទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គំរាមនៅកន្លែងកោសខ្យល់ចំនួន០៦គ្រាប់ ដើម្បីយកម៉ូតូត្រឡប់មកវិញ ហើយបានយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ រួចក៏ទៅសម្ងំលាក់ខ្លួនគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ ១យប់ ។

បន្ទាប់មកគេចទៅលាក់ខ្លួន នៅខេត្តឧត្តមមានជ័យ៤ថ្ងៃ ហើយប្តូរមកលាក់ខ្លួននៅខណ្ឌឬស្សីកែវវិញ បាន០២ថ្ងៃ ។ ចុងក្រោយថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ បានរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង៕