ចិន៖ ក្រោយពីបានឆ្លងវីរុសកូរ៉ូណាថ្មី នៅទីក្រុងវូហាន ពលរដ្ឋអាមេរិកាំងម្នាក់ បានបាត់បង់់ជីវិតនៅទីក្រុងនោះតែម្ដង ហើយនេះក៏ជាករណីដំបូងគេបង្អស់ដែលពលរដ្ឋអាមេរិកាំង បានស្លាប់ដោយសារវីរុសដ៍សាហាវនេះផងដែរ។
នេះបើតាមការផ្សាយរបស់សារព័ត៌មាន New York Times នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សារព័ត៌មាន New York Times បានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បានធ្វើការប្រកាសព័ត៌មាននៅថ្ងៃសៅរ៍នេះថា ស្រ្តីជនជាតិអាមេរិកម្នាក់ វ័យខ្ទង់៦០ឆ្នាំ បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងវូហាននោះតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះគឺជាស្ត្រីដែលបានទទួលរងការចុះខ្សោយខ្លាំង ផ្នែកសុខភាព ដោយសារតែវីរុសកូរ៉ូណាថ្មីនៅវូហាន។ អ្នកនាំពាក្យស្ថានទូតអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះ។ ដោយការគោរពចំពោះ ព័ត៌មានឯកជនរបស់គ្រួសារជនរងគ្រោះ យើងសូមមិនធ្វើការអត្ថាធិប្បាយអ្វីទៀតឡើយ»។

គួរបញ្ជាក់ថា នៅទឹកដីសហរដ្ឋអាមេរិកឯណោះវិញគិតត្រឹមពេលនេះ គឺអ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនមានសរុប ១២ករណីហើយ។ ដោយឡែកអាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន៕