ប្រទេសចិន៖ ទារកជនជាតិចិនម្នាក់ ត្រូវបានគេចាត់ទុកថា ជាឆ្លងវីរុសកូរ៉ូណា ដែលវ័យក្មេងជាងគេបំផុត ក្រោយពីសម្រាលបានត្រឹមតែ៣០ម៉ោងប៉ុណ្ណោះ ហើយពេលនេះ គ្រូពេទ្យជំនាញកំពុងព្យាបាលមើលថែ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដែលចេញផ្សាយ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ទារកខាងលើ កើតនៅថ្ងៃទី២ ខែកុម្ភៈ ក្នុងមន្ទីរពេទ្យមួយ នៅឯទីក្រុងវូហាន ចំណែកម្ដាយរបស់ទារករូបនេះ ត្រូវគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណា មុនពេលគាត់សម្រាលកូន។ តែយ៉ាងណា ក្រុមគ្រូពេទ្យចិន មិនទាន់បញ្ជាក់ថា ទារកនេះ ឆ្លងវីរុសកូរ៉ូណា ពីម្តាយតាមរបៀបណានោះទេ។

ពេលនេះ ទារកដែលឆ្លងវីរុសកូរ៉ូណាខាងលើ មានទម្ងន់ ៣.២៥គីឡូក្រាម និងកំពុងស្ថិតក្រោមការព្យាបាល និងតាមដានពីសំណាក់ក្រុមគ្រូពេទ្យជំនាញយ៉ាងយកចិត្តទុកដាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់៥៦៣នាក់ហើយ និងអ្នកឆ្លងកើនដល់ ២៨ ០១៨នាក់ ។ ជំងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណានេះ បានផ្ទុះឡើងជាលើកដំបូង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី (Hubei) ៕