ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចសត្វគោរបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន កាលពីវេលាម៉ោង៣ និង៤៥ទីទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិលលៃឃុំបាគង ស្រុកប្រាសាទបាគង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលួចមេគោរបស់ពលរដ្ឋចំនួន២ក្បាល ដឹកតាមរ៉ឺម៉កម៉ូតូយកទៅលក់។
ជនសង្ស័យជាចោរលួចគោ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននៅពេលនេះ មានឈ្មោះសៅ ភ្លឿយ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងម្នាក់ទៀត មានឈ្មោះសំ ជា ភេទប្រុស អាយុ៥០ឆ្នាំ រស់ភូមិបាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ពេលចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលចេញល្បាត ក៏ប្រទះឃើញ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿង ម៉ូតូស៊ុម័រ ពណ៌ក្រហម ដឹកគោមេចំនួន២ក្បាល និងបើកបរដោយជនសង្ស័យទាំងពីរនាក់ ពេលនោះ សមត្ថកិច្ចបានស្ទាក់ឈប់ធ្វើការសាកសួរ ទើបដឹងថា ពួកគេជាចោរលួចគោ ក៏ចាប់ខ្លួននាំមកសាកសួរតែម្តង។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចគោ របស់ពលរដ្ឋ នៅភូមិលលៃ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕