អង់គ្លេស ៖ ​យោង​តាម​សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​កាលពី​ថ្អៃ​ទី​៤ កុម្ភៈ ២០២០​នេះ​ថា នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន Boris Johnson បាន​ប្រកាស​ថា អង់គ្លេស នឹង​ហាមឃាត់​ការ​លក់​រថយន្ត ប្រភេទ​ម៉ាស៊ីន​សាំង និង​ប្រភេទ​ម៉ាស៊ីន​ប្រេងម៉ាស៊ូត​ថ្មី ចាប់ពី​ឆ្នាំ​២០៣៥ តទៅ និង​សន្យា​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដល់​កម្រិត​សូន្យ ត្រឹម​ឆ្នាំ​២០៥០ ។

​ការ​ប្រកាស​របស់​លោក បូ​រី​ស ច​ន​សុ​ន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ COP26 ដែល​អង់គ្លេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ បាន​កាត់​បន្ថយ​ចំនួន​០៥​ឆ្នាំ ពី​កាលបរិច្ឆេទ​ដើម ដែល​ថា នឹង​ហាមឃាត់​ការ​លក់​រថយន្ត​ទាំងនេះ ចាប់ពី​ឆ្នាំ​២០៤០ តទៅ ហើយ​ផែនការ​ថ្មី​នេះ​ត្រូវ​បាន​រួម​បញ្ចូល​ទាំង​រថយន្ត​កូនកាត់​ផង​ដែរ ។​

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ បាន​ថ្លែង​ថា ការ​រៀបចំ COP26 គឺជា​ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​អង់គ្លេស និង​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក ដើម្បី​បង្កើន​ល្បឿន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ ។​

​លោក​បញ្ជាក់​ថា ឆ្នាំ​២០២០ ត្រូវ​តែ​ជា​ឆ្នាំ ដែល​យើង​ផ្លាស់​ប្តូរ​ចំពោះ​ការ​ឡើង​កម្ដៅ​លើ​ពិភពលោក វា​នឹង​ជា​ឆ្នាំ​ដែល​យើង​ជ្រើសរើស​អនាគត​កាន់តែ​ស្អាត កាន់តែ​បៃតង សម្រាប់​ទាំងអស់​គ្នា ។​

​ជាមួយ​គ្នា​នេះ លោក ច​ន​សុ​ន ក៏​នឹង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេង​ទៀត ចូលរួម​ជាមួយ​អង់គ្លេស ក្នុង​ការ​ព្យាយាម​ឆ្ពោះទៅ​ទិស​ដៅ ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន មក​ត្រឹម​សូន្យ ឲ្យ​បាន​នៅ​ឆ្នាំ​២០៥០ តាម​រយៈ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​កាន់តែ​ស្អាត និង​កិច្ច​ប្រឹងប្រែង​ការពារ​ជម្រក​ធម្មជាតិ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អង់គ្លេស​បាន​សន្យា​ថា នឹង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឲ្យ​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៥០ ជាមួយនឹង​វិធានការ​ចម្រុះ នៃ​ការ​កាត់​បន្ថយ និង​ការ​ប៉ះប៉ូវ ការ​បំពុល​ខ្យល់​ដូច​ជា​ការ​ដាំ​ដើមឈើ​ជាដើម ៕