ខេត្តកណ្ដាល ៖ បុរសម្នាក់បានលួចមករៀបការយកប្រពន្ធថ្មី ដោយមិនទាន់លែងលះដាច់ស្រេចជាមួយនឹងប្រពន្ធដើម។ លុះនារីជាប្រពន្ធដើមស៊ើបដឹងថា ប្តីលួចមករៀបការបែបនេះ ក៏តាមមករកប្តីដល់រោងការ ដើម្បីធ្វើការដោះស្រាយគ្នា និងជួយសងប្រាក់បំណុល ដែលជំពាក់២៦៤លានរៀល។
ករណីនេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ។
នារីជាប្រពន្ធដើមឈ្មោះអ៊ុក ស្រីណុច មានទីនៅក្នុង ភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ចំណែកប្តីឈ្មោះលី ច្រាយ ប្រកបរបរលក់ត្រី និងនារីជាប្រពន្ធដែលកំពុងរៀបការនេះ មានឈ្មោះទេស ស្រីនាង រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

នារីជាប្រពន្ធដើមបានរៀបរាប់ប្រាប់អ្នកកាសែតនៅមុខរោងការថា នាង និងប្តីរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១១ ដោយបង្កើតបានកូនប្រុសម្នាក់ ។ ពេលរួមរស់ជាមួយគ្នា ប្តីចេះតែរករឿងនាងជាប្រពន្ធ ហើយនាងទ្រាំមិនបាន ក៏តបតវិញ និងដេញប្តីឲ្យចុះចេញពីផ្ទះ តែប្តីចេញតែមួយរយៈខ្លី ក៏ត្រឡប់រកប្រពន្ធកូនវិញ ហើយនាងក៏មានទន់ចិត្តទទួលយកវិញ ។ កន្លងមកនាង និងប្តីធ្លាប់បានលែងលះគ្នាម្តង ផ្តិតមេដៃនៅសាលាឃុំត្រឹមត្រូវ តែក្រោយមកពួកនាង ក៏ត្រូវរ៉ូវគ្នាវិញ ហើយនាងបានទៅសាលាឃុំជូនដំណឹងដល់អាជ្ញារវិញដែរ ហើយពេលកើតមានជម្លោះជាមួយគ្នាលើកក្រោយ ស្រាប់តែប្តីបានចុះចេញពីនាង ហើយលួចមករៀបការយកប្រពន្ធថ្មី ទើបនាងតាមមកហៅប្តី ដើម្បីធ្វើការដោះស្រាយជាមួយនាងឲ្យបានដាច់ស្រេចជាមុនសិន។
នារីខាងលើបញ្ជាក់ថា កាលពីនៅរួមរស់ជាមួយគ្នា នាងនិងប្តី បានជំពាក់លុយម្ចាស់យឿត្រីមួយកន្លែង៦០លានរៀល និងមួយកន្លែងទៀត៦៨លានរៀល និងធានាគារឯកជនមួយកន្លែង២ម៉ឺន៥ពាន់ដុល្លារ និង១កន្លែងទៀតចំនួន៩ពាន់ដុល្លារសរុបទាំងអស់ជាង២៦០លានរៀល។ នាងមកនេះ មិនមានបំណងមកអុកឡុកពិធីមង្គលការទេ តែសុំឲ្យប្តីចេញមកដោះស្រាយជាមួយនាងឲ្យបានដាច់ស្រេច ជាមុនសិន ហើយចង់រៀបការអីការចុះ។

ចំណែក បុរសជាប្តីបានចេញមកអះអាងថា រវាងលោកនិងប្រពន្ធដើម បានលែងលះគ្នាត្រឹមត្រូវតាមច្បាប់ លិខិតលែងលះ មានអាជ្ញាធរដឹងឮត្រឹមត្រូវ។ ពេលលែងលះគ្នានោះ បានចែករថយន្តគ្នាម្នាក់១ ដោយប្រពន្ធបានរថយន្តកូរ៉េដឹកត្រី ចំណុះ២តោនកន្លះ ហើយរូបគេយករថយន្តតាកូម៉ា១។ ចំណែករឿង ជំពាក់បំណុលគេនោះ ប្រពន្ធជាអ្នកធានាសងទាំងអស់ ព្រោះពេលនោះ ប្រពន្ធបានផិតក្បត់រូបគេជាប្តី លួចមានប្រុសឈ្មោលពីក្រោយខ្នងប្តី អស់រយៈពេលជាង១ឆ្នាំមកហើយ ហើយរូបគេធ្លាប់ទាន់២-៣ដងដែរ មិនតែប៉ុណ្ណោះ ប្រពន្ធបានដេញរូបគេជាប្តីចេញពីផ្ទះ យកខោអាវរបស់ប្តីបាច់ចោលពេញដី។
ក្រោយពីបុរសជាប្តីវាយបកធ្ងន់ៗបែបនេះមកវិញ នារីជាប្រពន្ធដើមឆ្លើយតបថា បើប្តីថា នាងមានប្រុសឈ្មោលពិតមែន សូមបង្ហាញភ័ស្តតាង និងសាក្សីមក ។ ចំណែកលិខិតលែងលះដែលប្តីយកមកបង្ហាញនោះ គឺលិខិតចាស់ទេ ពេលដែលលែងលះគ្នាលើកមុន បន្ទាប់មកពួកនាងក៏ត្រូវរ៉ូវគ្នាវិញ និងរៀបចំសែនព្រេនចងដៃម្តងទៀត ហើយនាង ក៏បានជូនដំណឹងទៅអាជ្ញាធរឲ្យដឹងឮនៅពេលនោះវិញដែរ។

ដោយឡែក នារីជាប្រពន្ធក្រោយ (កំពុងរៀបការ) បានបញ្ជាក់ថា ពិធីរៀបការរបស់នាងនេះ គឺមានច្បាប់ត្រឹមត្រូវ ដែលអាជ្ញាធរឃុំត្រើយស្លា ចេញឲ្យប្តី ហើយប្តីជាអ្នករត់ច្បាប់ការមកឲ្យភាគីខាងនាង ទើបអាជ្ញាធរមូលដ្ឋានរបស់នាងសម្រេចចេញច្បាប់ការ (លិខិតប្រកាសអាពាហ៍ពិពាហ៍) ត្រឹមត្រូវ។ នាងនៅតាំងចិត្តថា ពិធីរៀបការរបស់នាងជាមួយប្តីនៅតែបន្តដដែល មិនអាចផ្អាកបានឡើយ និងសុំឲ្យនារីជាប្រពន្ធដើមត្រឡប់ទៅវិញ តែបើចង់រករឿងវិញ ត្រូវយកឯកសារពាក់ព័ន្ធមកតទល់គ្នាតាមផ្លូវច្បាប់ ហើយនាងនឹងដាក់ពាក្យបណ្តឹងឡើងតុលាការ ដើម្បីចាត់ការអ្នកដែលមានបំណងចង់បំផ្លាញពីធីមង្គលការនាង៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖